ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរង ខេត្តកំពង់ចាម តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពប្រធាន ក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៅឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម


ស្រុកជើងព្រៃ៖នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរង ខេត្តកំពង់ចាម តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពប្រធាន ក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៅឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរង ខេត្តកំពង់ចាម បានថ្លែងថា ទោះបីមកពីគណបក្សនយោបាយណាក៏ដោយ ប៉ុន្តែ នៅពេលនេះ គឺរួមគ្នាបំរើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសើរ និងកសាងអភិវឌ្ឍន៍ នៅមូលដ្ឋាន ឲ្យកាន់តែជឿនលឿនបន្ថែមទៀត ។

ឯកឧត្ដម អភិបាលរងខេត្ត បានបញ្ជាក់ទៀត ក្នុងអាណត្តិទី៥ នេះ សម្រាប់ឃុំសូទិព្វ នៃស្រុកជើងព្រៃ គឺបានជាប់ឆ្នោត ដោយសារមានការពេញចិត្ត និងការបោះឆ្នោតពីពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ប្រកបដោយលទ្ធិប្រជាតេយ្យ សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ ។
នាឱកាសនោះដែរឯកឧត្ដម អ៊ុភឿន គុណវុឌ្ឍ បានជម្រុញលើកទឹកចិត្ត ដល់ក្រុមប្រឹក្សា ឃុំសូទិព្វ ថ្មីនេះ ត្រូវខិតខំបន្តបំពេញកិច្ចការងារ ដែលសេសសល់ និងបន្តកសាងអភិវឌ្ឍន៍ នៅតាមភូមិឲ្យល្អប្រសើរ ហើយត្រូវអនុវត្តផែនការ តាមគលនយោបាយ របស់រាជរដ្ឋាភិបាលឲ្យល្អ ។

សូមជម្រាបជូនថា ដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅថ្ងៃទី០៥ ខែមិថុនា កន្លងទៅនេះ ជាលទ្ធផល ក្នុងឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មាន ៩អាសនៈ ក្នុងនោះមានគណបក្សនយោបាយចំនួន ៣ រួមមាន ៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦អាសនៈ ទទួលបានតំណែងជាប្រធាន ជាមេឃុំ និងជំទប់ទី១ ហើយគណបក្សភ្លើងទៀនទទួលបាន ៣ អាសនៈ ទទួលបានតំណែងជាជំទប់ទី ២ និងគណបក្សខ្មែរស្រលាញ់ជាតិ ០អាសន: ៕