ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ ពិភាក្សាគម្រោងអភិវឌ្ឍន៍សួនច្បារមាត់ទន្លេ ក្រុងកំពង់ចាម ប្រវែងជិត ១,០០០ម៉ែត្រ


កំពង់ចាម៖នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ ពិភាក្សាគម្រោងអភិវឌ្ឍន៍សួនច្បារមាត់ទន្លេ ក្រុងកំពង់ចាម ប្រវែងជិត ១,០០០ម៉ែត្រ ចាប់ពីកំពង់សាឡាងចាស់ រហូតដល់ផ្សារ៧ មករា។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីចំណាក់ អភិបាលរងខេត្ត នាយករដ្ឋបាល មន្ទីរអង្គភាពជំនាញជុំវិញខេត្ត ដៃគូអភិវឌ្ឍន៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

តាមគម្រោងប្លង់ ដែលគ្រោងអភិវឌ្ឍសួនច្បារមាត់ទន្លេ ក្នុងក្រុងកំពង់ចាមនោះមានដូចជា ៖ កន្លែងអាហារដ្ឋានលើទឹក, បឹងហ្គាឡូ និងអាហារដ្ឋាន , ក្លឹបហាត់ប្រាណ, ផាប់, សួនច្បារ, សួនកុមារ, កន្លែងថតរូប , កន្លែងភិចនិច នឹងកញ្ចុះអង្គុយលេង, ផ្សារអាហារ ជាដើម។

សូមបញ្ជាក់ថា ក្រោយពេលពិភាគ្សាលើគម្រោងប្លង់ខាងលើនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដៃគូរអភិវឌ្ឍន៍ ឲ្យសិក្សាឡើងវិញ នូវចំណុចមួយចំនួន មានដូចជា ៖ ប្រព័ន្ធបង្ហូរទឹកកខ្វក់ , ការរៀបចំបណ្តាញអគ្គិសនី , កែប្រែរង្វង់មូល និង បន្ថែមបន្ទប់អនាម័យ ។ ក្រោយពេលរៀបចំប្លង់បានត្រឹមត្រូវ ទើបចងក្រងជាឯកសារ និងឈានទៅធ្វើកិច្ចសន្យាសាងសង់ តែម្តង៕