នៅព្រឹកថ្ងៃទី១៧ សីហានេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្សចាប់ពីថ្នាក់កំរិតមូលដ្ឋាន រហូតដល់ថ្នាក់ឧត្តមសិក្សា គឺជាការចូលរួមចំណែកការអភិវឌ្ឍន៍ប្រទេសជាតិ ដែលជំហានដំបូងគឺត្រូវចេញពីតំបន់របស់យើងនេះហើយដែលពោរពេញទៅដោយសមត្ថភាពពិតប្រាកដ អញ្ចឹងទេសូមឲ្យពុកម៉ែបងប្អូនបញ្ជូនកូនចូលសាលាឲ្យបានគ្រប់ៗគ្នា ហើយក៏សូមឲ្យប្អូនៗកូនក្មួយ ត្រូវខិតខំសិក្សារៀនសូត្រ ដេីម្បីយកចំណេះដឹងរបស់យេីងទៅកសាងអនាគតខ្លួនឯង និងចូលរួមចំណែកកសាងសង្គមជាតិយើងឲ្យកាន់តែមានការរីកចម្រើនឡេីង ក្រោមដំបូលនៃសុខសន្តិភាព ដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចូលរួមសម្ពោធអាគារសិក្សា១ខ្នង ៦បន្ទប់ នៅសាលាបឋមសិក្សាត្រពាំងជ្រៃ ស្ថិតក្នុងភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាអំណោយរបស់ ឯកឧត្តម សេង ទៀង នាយរងខុទ្ទកាល័យសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
គួរបញ្ជាក់ផងដែរថា ដោយមើលឃើញពីការលំបាករបស់សិស្សានុសិស្ស មានកំណើនកើនឡើង និងអគារចាស់ប្រកដោយស័ង្កសីមានសភាពទ្រុឌទ្រោមផងនោះ ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានជួយឧបត្តម្ភ អគារសិក្សា ១ខ្នង ៦បន្ទប់ ដែលចំណាយថវិកាសរុបអស់ ចំនួន៥១០០០ដុល្លារ។ ក្រៅពីសមិទ្ធិផលដ៏ថ្លៃថ្លានេះ ឯកឧត្តមក៏បានឧបត្តម្ភសមិទ្ធិផលនានាជាច្រើនទៀត នៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់នេះផងដែរ ៕