កំពង់ចាម៖នារសៀលថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ក្នុងបរិវេណវត្តរំចេក ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋឃុំរំចេកនៃស្រុកកំពង់សៀមចំនួន ១ ៦០០នាក់។ ក្នុងវិធីនេះក៏មានវត្តមានឯកឧត្តមជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកកំពង់សៀម ឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារ និងសហការីចុះឃុំរំចេក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក និងបងប្អូនប្រជាពលរដ្ឋ កងកំលាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ឃុំ។
មានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមប្រធានក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនប្រជាពលរដ្ឋ និងបានជូនពរឲ្យបងប្អូនជួបតែពុទ្ធិពរទាំង ៤ប្រការ។ ឆ្លៀតយកឱកាសជួបជុំ ឯកឧត្តមប្រធានក្រុមការងារបានជម្រាបជូនអង្គពិធីដោយសង្ខេបអំពី ៖ ភាពជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋបានគ្រប់ៗគ្នាទាំងក្មេង ចាស់ និងទាន់ពេលវេលា។ សកម្មភាពសង្គម និងសេដ្ឋកិច្ច បានងើបឡើងវិញបណ្តើរៗ។ វិបត្តិសង្គម និងសេដ្ឋកិច្ចដែលពិភពលោកកំពុងប្រឈម បញ្ហាស្បៀង និងប្រេងឥន្ទន:ឡើងថ្លៃ ផលិតផលកសិកម្មខ្វះទីផ្សារ ការដឹកជញ្ជូនទំនិញចេញ និងចូលក្នុងប្រទេសឡើងថ្លៃ។ល។ ដែលបណ្តាលមកពីវិបត្តិជំងឺឆ្លងកូវីដ-១៩ និងសង្រ្គាមរុស្សី-អ៊ុយក្រែង។
ដោយឡែកការងារមូលដ្ឋាន ឯកឧត្តមបានសួរនាំប្រជាពលរដ្ឋអំពីប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណ: ក៣ ការចុះជួយដោះស្រាយបញ្ហាជូនប្រជាជន តម្រូវការផ្សេងៗដែលលើកស្នើសុំមកឲ្យក្រុមការងារជួយដោះស្រាយ និងកែលម្អ ធ្វើយ៉ាងណាឲ្យកាន់តែល្អប្រសើរ មានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់។ ទោះជាយ៉ាងណា លោកបានណែនាំឲ្យបងប្អូន ប្រជាពលរដ្ឋត្រូវខិត ខំដោយខ្លួនឯងឲ្យកាន់តែសកម្ម និងមានភាពទទួលខុសត្រូវខ្ពស់បន្ថែមទៀត ដើម្បីលើកកម្ពស់កម្រិតជីវភាព និងការអភិវឌ្ឍ ដោយមិនត្រូវផ្តេកផ្តួលលើជំនួយឧបត្ថមតែមួយជ្រុងបានឡើយ។ ចំពោះបញ្ហាដែលបានលើកឡើងដោយមេឃុំថា កម្រិតទឹកទន្លេមេគង្គទាប មិនអាចហូរចូលក្នុងបឹង ព្រែក ត្រពាំង ដែលជាប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ត្រង់ចំណុចនេះ ឯកឧត្តមបានបកស្រាយអំពីបញ្ហានេះគឺដោយសារការប្រែប្រួលអាកាសធាតុ និងការធ្វើទំបន់វារីអគ្គិសនីនៅផ្នែកខាងលើដងទន្លេមេគង្គ។ ដូច្នេះ លោកបានណែនាំឲ្យបងប្អូនបង្វែរកម្មវត្ថុផលិតកម្មដំណាំដែលប្រើទឹកច្រើន មកប្រើទឹកតិចវិញ។ ក្រុមការងារ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្រូវចុះតាមដានការងារបង្កបង្កើនផលឲ្យបានជាប់ជាប្រចាំ ពិសេស នៅដើមរដូវវស្សានេះ ព្រមជាមួយការតាមដាន ពិនិត្យ និងដោះស្រាយបញ្ហាក្នុងមូលដ្ឋានជារួម និងបញ្ហាជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដោយឡែក។ ចំពោះស្មាដៃដែលក្រុមការងារបានខិតខំកសាងកន្លងមក លោកបានថ្លែងអំណរគុណ និងឲ្យតម្លៃខ្ពស់លើសមិទ្ធផលនេះ។
សកម្មភាពសង្គមបានបើកឲ្យដំណើរការដូចប្រក្រតី រួមទាំងសាលារៀន ដូច្នេះមាតា បីតា និងអាណាព្យាបាលត្រូវលើកទឹកចិត្តឲ្យកូន ចៅឲ្យទៅសិក្សារៀនសូត្រដើម្បីចៀសឲ្យផុតពីអនក្ខរភាព និងភាពក្រីក្រ។ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ សុខភាពល្អ សេដ្ឋកិច្ចគ្រួសារប្រសើរ និងមានសុភមង្គល។ នាំគ្នាទៅទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជា គឺដើម្បីការអភិវឌ្ឍ និងរក្សាបាននូវសន្តិភាព។ លោកបានជូនពរឲ្យបងប្អូនទទួលបានជ័យជំនះលើគ្រប់ភារកិច្ច គ្រួសារមានសេចក្តីសុខ ចម្រើន និងសុភមង្គល និងជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
ខណ:នេះ ឯកឧត្តមបានជួយឧបត្ថម្ភ ព្រះចៅអធិការវត្តរំចេក ២លានរៀល មេឃុំរំចេក ១លានរៀល អ្នករៀបចំកម្មវិធី ១លានរៀល គ្រូពេទ្យ ៣០ម៉ឺនរៀល និងបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមចំនួន ១ ៦០០នាក់ ម្នាក់ៗបានទទួលថវិកា ២០ ០០០រៀល។ សរុបថវិកាចំនួន ៣៦ ៣០០ ០០០រៀល។