ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យនិងព្យាបាលជំងឺក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម


កំពង់ចាម៖នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុង ពិធីពិនិត្យ និងព្យាបាលជំងឺក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមជាមួយក្រុមការងារស្រុកស្រីសន្ធរជាច្រើនរូប និងប្រជាពលរដ្ឋដែលអញ្ជើញមកទទួលការពិនិត្យ និងព្យាបាលចំនួន ៣៤៨០ នាក់។

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ជាពិសេសការលះបង់របស់ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែខិតខំប្រឹងប្រែងបំពេញតួនាទី ប្រកបដោយទំនួលខុសត្រូវយ៉ាងល្អប្រសើរ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្តគួបផ្សំនឹងការងារស្នូល មិនរាថយទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ថ្លែងក្នុងពិធីដ៏មានសារៈសំខាន់ក្នុងថ្ងៃនេះ ឯកឧត្តមក៏បានរំលឹកឡើងពីការឆ្លងកាត់ការលំបាកនានារបស់ថ្នាក់ដឹកនាំ ជាពិសេសការប្រយុទ្ធក្នុងបរិបទកូវីដ១៩ ដែលបង្ហាញអោយឃើញកាន់តែច្បាស់ពីការលះបង់ ការយកចិត្តដាក់របស់រាជរដ្ឋាភិបាលទៅលើប្រជាជន ជាពិសេសអាជ្ញាធរថ្នាក់មូលដ្ឋានក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានបន្តចូលរួម និងជួយសម្របសម្រួលតាំងពីពេលចាប់ផ្ដើមរហូតមកដល់ពេលបច្ចុប្បន្ន សកម្មភាពទាំងអស់នេះហើយដែលអាចនិយាយបានថា « ប្រជាជនខ្មែរតែងតែនៅជាមួយគ្នាជានិច្ច ជាពិសេសក្នុងគ្រាលំបាក» ។ ក្រៅពីមតិស្វាគមន៍ និងសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាពុកម៉ែ បងប្អូន ដែលបានអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺ ឯកឧត្តមក៏បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់ពិនិត្យ និងព្យាបាលតាមឯកទេសនីមួយៗផងដែរ។

គួរបញ្ជាក់ដែរថា ក្រៅពីការងារជាថ្នាក់ដឹកនាំ ឯកឧត្តម មានការមមារញឹកលើកិច្ចការដទៃទៀតប៉ុន្តែឯកឧត្តមនៅតែបន្តឆ្លៀតឱកាសដើម្បីចុះជួបជាមួយអាជ្ញាធរ ពុកម៉ែ បងប្អូន នៅក្នុងមូលដ្ឋានស្ទើគ្រប់ខេត្ត ក្រុង ដើម្បីចុះសួរសុខទុក្ខ និងបង្ហាញពីការយកចិត្តដាក់ដល់បងប្អូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់។