បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សារបស់គណបក្សភ្លើងទៀន ចំនួន៤រូប នៅស្រុកព្រៃឈរ ដាក់ពាក្យសុំលាលែងពីគណបក្ស ក្រោយអស់ជំនឿលើមេដឹកនាំខ្លួន


កំពង់ចាម៖ បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សភ្លើងទៀន ចំនួន៤រូប នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម បានសម្រេចចិត្តដាក់ពាក្យលាលែងពីគណបក្សនយោបាយមួយនេះ។

ក្នុងពាក្យសុំលាលែងដែលទទួលបាននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ ពួកគាត់ទាំង៤នាក់ ក្រៅពីការលាលែងពីបេក្ខជនឈរឈ្មោះ ក៏បានសុំលាលែងពីសមាជិកគណបក្សភ្លើងទៀនតែម្ដង។

អតីតសមាជិកគណបក្សភ្លើងទៀនទាំង៤នាក់នោះរួមមាន៖

*ទី១៖ លោក លាង ប៊ុនឡេង នៅឃុំជ្រៃវៀន ស្រុកព្រៃឈរ
*ទី២៖ លោក ភោគ សាបាន នៅឃុំក្រូច ស្រុកព្រៃឈរ
*ទី៣៖ លោកស្រី សូ អាន នៅឃុំមៀន ស្រុកព្រៃឈរ
*ទី៤៖ លោក ជួង ដារា នៅឃុំជ្រៃវៀន ស្រុកព្រៃឈរ។

ការដាក់ពាក្យសុំលាលែងពីសមាជិក និងបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ពីគណបក្សភ្លើងទៀននៅពេលនេះ ក្រោយពីពួកគាត់អស់ជំនឿ និងគិតថា ការបន្ដរួមរស់ជាមួយគណបក្សនយោបាយមួយនេះ មិនមានអ្វីដែលជាផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជននោះឡើយ។ ប៉ុន្ដែពួកគាត់មិនទាន់បានសម្រេចចិត្តថា ទៅរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ឬគណបក្សនយោបាយណាមួយនោះដែរ។

សូមជម្រាបថា មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងឈានចូលមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ បេក្ខជន និងសមាជិករបស់គណបក្សភ្លើងទៀន បានដាក់ពាក្យសុំលាលែង និងចាកចេញពីគណបក្សនេះជាបន្ដបន្ទាប់ ហើយភាគច្រើនបានដាក់ពាក្យសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត និងដឹកនាំប្រទេសទទួលបានភាពរីកចម្រើន អភិវឌ្ឍន៍ជាបន្ដបន្ទាប់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន៕