កំពង់ចាម៖នាព្រឹកថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភាឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើង ព្រៃ ខេត្តកំពង់ចាម បានបន្តអញ្ជើញចុះមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១ ៥៣៤នាក់ មកពីភូមិទាំង ៧ នៃឃុំអូរស្វាយ ស្រុកកំពង់សៀម។ ក្នុងពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុប្រធានក្រុមការងារចុះស្រុកកំពង់សៀម ឯកឧត្តមប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះជួយឃុំអូរស្វាយ អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក ឃុំ ភូមិ និងបងប្អូនជាប្រជាពលរដ្ឋ។
មានមតិសំណេះសំណាលជាមួយបងប្អូន ឯកឧត្តមប្រធានក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូននៅទូទាំងឃុំអូរស្វាយ ហើយសម្តេចបានជូនពរឲ្យជួបតែពុទ្ធិពរទាំង ៤ ប្រការ។ មិនតែប៉ុណ្ណោះ សម្តេចតេជោបានគាំទ្រ និងលើកទឹកចិត្តឲ្យបងប្អូនរួតរះចាប់កាន់ការងារបង្កបង្កើនផលឲ្យទាន់ដើមរដូវ និងដោយឡែកបងប្អូនដែលមានអាជីវកម្មផ្សេងទៀតក៏ត្រូវញាប់ដៃ ញាប់ជើងរៀចំឲ្យដំណើរការ ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។ ភ្ជាប់នឹងសមិទ្ធផលដែលឃុំសម្រេចបានក្នុងការអភិវឌ្ឍមូលដ្ឋាន ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះឆន្ទ:ពុះពារ និងលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវរបស់ឯកឧត្តមប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយឃុំ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ កាយវិការដែលប្រកបដោយស្មារតីទទួលខុសត្រូវ ពិតជាបានបង្ហាញពីការគិតគូយកចិត្តទុក ដាក់អំពីបញ្ហាជីវភាព សេចក្តីត្រូវការ រួមសុខ រួមទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាពិសេសយកចិត្តទុកដាក់អនុវត្តន៍ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ (មន្រ្តីត្រូវចុះមូលដ្ឋានឲ្យបានជាប់ជាប្រចាំដើម្បីប្រមូលយកនូវរាល់បញ្ហា និងសេចក្តីត្រូវការចាំបាច់របស់បងប្អូន រួចធ្វើការដោះស្រាយជូនឲ្យបានទាន់ពេលវេលា ទូលំទូលាយ និងមានប្រសិទ្ធភាព)។
ឆ្លៀតយកឱកាសនៃការជួបជុំនេះ ឯកឧត្តមក៏បានជម្រាបជូនអង្គពិធីផងដែរ អំពីបញ្ហានយោបាយជាតិ និងអន្តរជាតិ បច្ចុប្បន្នភាពនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ការគិតគូរ និងដាក់ចេញវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញស្របតាមគន្លងប្រក្រតីភាពថ្មី ។ លោកបានបន្តថា យើងមានសន្តិភាព សន្តិភាពបានបង្កលក្ខណ:ងាយស្រួលជូនបងប្អូនក្នុងការកសាងជីវភាព អភិវឌ្ឍមូលដ្ឋាន សេដ្ឋកិច្ច រស់នៅជួបជុំគ្រួសារ ទទួលបានសិទ្ធិ សេរីភាពពេញលេញ។ល។ ដូច្នេះ ត្រូវឆក់យកឱកាសនេះ ខិតខំកសាងជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរ ដោយមិនត្រូវប្រកាន់យកតែអាជីពមួយមុខបានទេ បើធ្វើស្រែក៏ត្រូវមានដំណាំដាំដុះ ចិញ្ចឹមសត្វ ជុំវិញផ្ទះដែលជាស្បៀងប្រចាំថ្ងៃ និងត្រូវប្តូរទម្លាប់មិនល្អ ដើម្បីដើរចេញពីភាពក្រីក្រ។ ហេតុនេះ ឯកឧត្តមប្រធានក្រុមការងារបានស្នើសុំឲ្យសមាជិកក្រុមការងារ និងអាជ្ញាធរមូលដ្ឋានត្រូវលើកកម្ពស់បន្តសហការអនុវត្តគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅមូលដ្ឋាន ដើម្បីចូលរួមលើកស្ទួយកម្រិតជីវភាពគ្រួសារ និងធានាសន្តិសុខស្បៀង។
យកឱកាសជួបជុំប្រកបដោយការនឹករលឹក ស្និទ្ធស្នាល និងសោមនស្សរីករាយ ឯកឧត្តមបានជូនពរឲ្យបងប្អូនឃុំអូរស្វាយ ទទួលបានជ័យជំនះលើគ្រប់ភារកិច្ច គ្រួសារមានសេចក្តីសុខ ចម្រើន និងសុភមង្គល និងជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តមបានឧបត្ថម្ភមេឃុំអូរស្វាយថវិកា ១លាន អ្នករៀបចំកម្មវិធី ១លានរៀល ព្រះចៅអធិការវត្តតាមល់ ២លានរៀល និងសមាជិកបក្ស ចំនួន ១ ៥៣៤នាក់ ម្នាក់ៗបានទទួលថវិកា ២០ ០០០ រៀល។