ឯកឧត្តម អ៊ុន ចាន់ដា ជម្រុញឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ រួមគ្នា លុបបំបាត់គ្រឿងញៀន


ដើម្បី សុខភាព និងអនាគតភ្លឺថ្លា សូមបដិសេធ ចំពោះ គ្រឿងញៀន ចូលរួមទាំងអស់គ្នា ដើម្បី ជីវិត និងសហគមន៍ គ្មានគ្រឿងញៀន និងដើម្បីសុវត្ថិភាព ភូមិ ឃុំ យើង នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៩នេះ នៅចំណុចបរិវេណច្រមុះជ្រូក តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិប៉ាណា ឃុំសូទិព្វ   ស្រុកជើងព្រៃ ខេត្តកំពង់ចាម  បានប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦  ខែមិថុនា ក្រោមប្រធានបទសុខភាព ដើម្បី យុត្តិធម៌ យុត្តិធម៌ ដើម្បី សុខភាព ក្រោមអធិបតីភាព  ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿនញៀន ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំមន្ទីរ  អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត   កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្ស ជាច្រើននាក់ ផងដែរ ។

បន្ទាប់ពី លោក ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការ នគរបាល ខេត្តកំពង់ចាម បានឡើងអាន សុន្ទរកថាស្វាគមន៍ និងរបាយការណ៍ អំពីកិច្ចការទប់ស្កាត់ និងការបង្ក្រាបគ្រឿងញៀន  ក្នុងខេត្តកំពង់ចាម  នាពេលកន្លងមក រួចមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម  បានឡើងអានសារលិខិត របស់  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានមតិសំណេះសំណាល ក្នុងអង្គពិធីនោះ ដោយលើកឡើងអំពីផលប៉ះពាល់ នៃគ្រឿងញៀន ព្រមទាំង បានអំពាវនាវដល់ប្រពលរដ្ឋ ជាពិសេសយុវវ័យគ្រប់រូប ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលធ្វើឲ្យបាត់បង់ សេដ្ឋកិច្ចគ្រួសារ បាត់បង់កិត្តិយស ស្មារតី សុខភាព ដូច្នេះ កុំយកខ្លួនបៀតជាមួយសារធាតុញៀន  និងធ្វើការផ្តល់ព័ត៌មាន ពីសកម្មភាព ដែលមានការប្រើប្រាស់គ្រឿងញៀន ។ ទន្ទឹមនឹងនោះ ចំពោះ អ្នកមានបំណងចង់ ព្យាបាលផ្តាច់សារធាតុញៀន សូមនាំពួកគាត់ ទៅកាន់មន្ទីរពេទ្យ ឬនៅតាមមណ្ឌលសុខភាព ដែលមានថ្នាំបន្សាបផ្តាច់សារធាតុញៀន ដោយឥតគិតថ្លៃ ក្នុងមូលដ្ឋានក្បែរផ្ទះបងប្អូនប្រជាពលរដ្ឋ ផងដែរ ។ 

ស្ថិតក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរ ឲ្យប្រជាពលរដ្ឋ និងក្មួយៗ សិស្សានុសិស្ស  ផ្តល់កិច្ចសហការ ចូលរួមទប់ស្កាត់គ្រឿងញៀន  ជាពិសេស សូមឲ្យអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ទាំងអស់ ត្រូវចូលរួមផ្ដល់កិច្ចសហប្រតិបត្តិការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀន  ដើម្បី ចូលរួមបំរើប្រជាពលរដ្ឋ ផងដែរ ។ 

គូសបញ្ជាក់ដែរថា ដើម្បី ជាការស្រាយចម្ងល់ ដែលប្រជាពលរដ្ឋ តែងតែងឿងឆ្ងល់ថា គ្រឿងញៀន ដែលសមត្ថកិច្ច បង្ក្រាបបាន នាពេលកន្លងមក តើត្រូវយក ទៅទុកនៅទីណានោះ កម្មវិធីខាងលើនេះ ក៏មានការដុតកម្ទេច បំផ្លាញចោលថ្នាំញៀន ដែលសមត្ថកិច្ចបង្ក្រាបបាន នាពេលកន្លងមក សរុបចំនួន ៧៨១.៦៧ក្រាម  ស្មើនឹង  ១២០ករណី  នៅកន្លែងប្រារព្ធពិធីនេះ ផងដែរ ៕