សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាព នៅវេលាម៉ោង៣,០០រសៀលនាថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងភូមិគ្រឹះរបស់សម្តេចនៅរាជធានីភ្នំពេញ។
សម្ដេចគឺជាឥស្សរជននយោបាយ និងជាអគ្គមគ្គុទ្ទេសក៍កំពូលមួយរូបរបស់កម្ពុជា ដែលមួយជីវិតរបស់សម្តេចបានធ្វើមហាពលិកម្មដ៏មហិមាមិនអាចកាត់ថ្លៃបាន ដើម្បីបុព្វហេតុនៃការរស់ឡើងវិញរបស់ជាតិនិងប្រជាជន នៅគ្រប់កាលៈទេសៈ ។
មរណភាពរបស់សម្តេចគឺជាទុក្ខសោកក្រៀមក្រំ និងជាការបាត់បង់អគ្គមគ្គុទេសក៍ ដែលមានគុណបំណាច់មិនអាចកាត់ថ្លៃបានរបស់ជាតិ និង ប្រជាជនកម្ពុជាទាំងមូល ។
បន្ទាប់ពីតម្កល់ទុក ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា និងទទួលការគោរពវិញ្ញាណក្ខ័ន្ធ ពីឥស្សរជននយោបាយគ្រប់មជ្ឈដ្ឋាន និងប្រតិភូនៃស្ថាប័នជាតិគ្រប់ជាន់ថ្នាក់ អស់រយៈពេល១១ថ្ងៃរួចមក ថ្ងៃនេះគឺជាថ្ងៃចុងក្រោយ ដែលសពរបស់សម្តេចត្រូវបានដង្ហែទៅបូជា នៅព្រះមេរុនាសួនច្បារមុខវត្តបុទុមវតី ក្រោមការចាត់ចែងរបស់រាជរដ្ឋាភិបាលប្រកបដោយកិត្តិយសដ៏ឧតុង្គឧត្តម ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះសង្ឃ ឥស្សរជននយោបាយ ប្រតិភូរាជធានី ខេត្ត មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាជនគ្រប់មជជ្ឍដ្ឋាន។
ចាប់ពីពេលនេះតទៅ យើងលែងបានឃើញបានជួបសម្តេចដោយផ្ទាល់ទៀតហើយ អ្វីដែលនៅសល់សម្រាប់យើង គឺគម្រូវីរភាព និងគុណបំណាច់ដ៏ថ្លៃថ្លា ដែលយើងត្រូវតែគោរពរៀនសូត្រ និងចងចាំ ព្រមទាំងថែរក្សាការពារមត៌កដែលជាសមិទ្ធផលនៃថ្ងៃ៧មករា ថែរក្សាសុខសន្តិភាព ស្ថេរភាព វឌ្ឍនភាព ដែលវីរជនជាអគ្គមគ្គុទ្ទេសក៍របស់យើងស្វែងរកបានដោយលំបាក ទុកសម្រាប់កូនចៅរបស់យើងជំនាន់ក្រោយ ។