កំពង់ចាម៖សមិទ្ធផលថ្មីៗត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ និងចាប់កសាងជាបន្តបន្ទាប់ ក្រោយពីជួបវិបត្តិកូវីដ១៩ និងកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ
ដោយសារតែកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងការរួចចាកផុតពីវិបត្តិដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សមិទ្ធផលថ្មីៗសមិទ្ធផលថ្មីពេញផ្ទៃប្រទេសត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ និងចាប់ផ្ដើមកសាងអភិវឌ្ឍជាបន្តបន្ទាប់ឥតឈប់ឈរ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឧប្បដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តត្រពាំងអំពិល និងបើកការដ្ឋានស្ថាបនាផ្លូវបេតុង ១ខ្សែប្រវែង ៥ពាន់ម៉ែត្រ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក/ឃុំ -ប្រធានសាលាដំបូងខេត្ត -ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត -អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត -កងកម្លាំងទាំងបី -មន្ទីរអង្គភាពជុំវិញខេត្ត -អាជ្ញាធរមូលដ្ឋាន -ក្រុមប្រឹក្សាឃុំ -លោកគ្រូអ្នកគ្រូ-សិស្សានុសិស្ស -យុវជន និងបងប្អូនប្រជាពលរដ្ឋប្រមាណជិត ១,០០០នាក់។