អភិបាលខេត្តកំពង់ចាម ជម្រុញទៅដល់អាជ្ញាធរ និងស្ថាប័នជំនាញ យកចិត្តទុកដាក់ លើបញ្ហាភាពរាំងស្ងួត គ្រោះទឹកជំនន់ និងបញ្ហាបទល្មើសផ្សេងៗ ដើម្បី ដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋ


ឯកឧត្ដម  អ៊ុន ចាន់ដា  អភិបាល ខេត្តកំពង់ចាម បានលើកការជម្រុញ ទៅដល់អាជ្ញាធរ និងស្ថាប័នជំនាញ ឲ្យយកចិត្តទុកដាក់ លើបញ្ហាភាពរាំងស្ងួត គ្រោះទឹកជំនន់ និងបញ្ហាបទល្មើសផ្សេងៗ ដើម្បី ដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋ ។ ការថ្លែងនេះ ធ្វើឡើងនៅក្នុងឱកាស ដែលឯកឧត្ដមអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំសាលា ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នេះ ។

ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍ថា ដោយសារតែនាបច្ចុប្បន្ន មានស្រុកមួយចំនួន ៣ កំពុងប្រឈមទៅនឹងការកង្វះទឹកធ្វើស្រែនោះ  គឺ ៖ ជើងព្រៃ បាធាយ និងស្រុកព្រៃឈរ កំពុងជួបប្រទះនឹងកង្វះទឹកធ្វើស្រែ ហើយប្រឡាយមេ បានរីងរាក់ និងពុំមានទឹកគ្រប់គ្រាន់ សម្រាប់កសិករប្រើប្រាស់  រីឯប្រភពទឹក ក៏នៅឆ្ងាយ ផងដែរ ។ តាមរយៈនេះ ស្នើទៅដល់អាជ្ញាធរមូលដ្ឋាន ពិនិត្យ និងតាមដានឲ្យដោយយកចិត្តទុកដាក់បំផុត ជាពិសេស អភិបាលស្រុកដែលពាក់ព័្ធន្ធ សូមរាយការណ៍ មករដ្ឋបាលខេត្ត ដើម្បី យើងពិភាក្សា ជាមួយមន្ទីរធនធានទឹក រកវិធីសាស្ត្រដោះស្រាយជូនប្រជាពលរដ្ឋយើង ។ ឯកឧត្ដម មានប្រសាសន៍ថា ដោយឡែក នាពេលឆាប់ខាងមុខនេះ យើងប្រឈមនឹងបញ្ហាគ្រោះជំនន់ទឹកទន្លេមេគង្គ ក្នុងនោះ យើងមានក្រុង ស្រុក ចំនួន ៦ គឺ ៖ ស្រុកស្ទឹងត្រង់ កំពង់សៀម ក្រុងកំពង់ចាម កងមាស កោះសួទិន និងស្រុកស្រីសន្ធរ តែងទទួលរងគ្រោះទឹកលិចជារៀងរាល់ឆ្នាំ ។ ដែលប្រការនេះ យើងទាំងអស់គ្នា ក៏បានក្ដាប់នូវព័ត៌មាន អំពីស្ថានភាព នៃការបាក់ស្រុតច្រាំងទន្លេ ជារៀងរាល់ឆ្នាំ ដើម្បី ស្រង់ទិន្នន័យ លើកផែនការ សម្រាប់ធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ជាពិសេស ការរកទីកន្លែង សម្រាប់តាំងទីលំនៅថ្មី រួមទាំង ការគ្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ ឲ្យឆ្ងាយពីតំបន់ប្រឈម ផងដែរ ។ យើងបានដឹងហើយថា បញ្ហាទាំងអស់នេះ ខេត្តពុំមានសមត្ថភាពដោះស្រាយបានឡើយ ។ ទោះជាយ៉ាងណាក្ដី រដ្ឋបាលខេត្តបានខិតខំ និងលើកសំណើឲ្យមានការជួយអន្តរាគមន៍ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រកដំណោះស្រាយ ជូនប្រជាពលរដ្ឋរងគ្រោះ ផងដែរ ។ ទន្ទឹមជាមួយនោះ  អាជ្ញាធរ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ច ក៏ត្រូវមានការទទួលខុសត្រួវខ្ពស់ ផងដែរ ជាពិសេស ការចុះអន្តរាគមន៍ ការត្រៀមបង្ការ និងការជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព ក្នុងករណី មានគ្រោះទឹកជំនន់ ឈានមកដល់នោះ ។ ក្រៅពីនោះ អាជ្ញាធរ និងស្ថាប័នជំនាញ ក៏ត្រូវរៀបចំនូវទូក កាណូត និងទីទួលសុវត្ថិភាព ព្រមទាំង ការជួយផ្គត់ផ្គង់ នូវស្បៀងអាហារ និងថ្នាំសង្កូវ ឲ្យទាន់ពេលវេលា ផងដែរ ។ ដោយឡែក ទាក់ទិនទៅនឹងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស បទល្មើសផ្សេងៗ មានដូចជា ៖ ការនេសាទខុសច្បាប់ ល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន សូមអាជ្ញាធរ និងសមត្ថកិច្ច យកចិត្តទុកដាក់ និងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ជាពិសេស សូមណែនាំដល់មន្ត្រីរាជការ នៅក្រោមឱវាទ កុំឲ្យពាក់ព័ន្ធ ជាមួយនឹងបទល្មើសទាំងអស់នេះ បើមិនដូច្នោះទេ នឹងត្រូវអនុវត្តវិធានការផ្លូវច្បាប់ ដោយមិនទុកឲ្យនណាម្នាក់ រួចខ្លួនឡើយ ៕ សារ៉ាត