អភិបាលខេត្តកំពង់ចាម ជំរុញឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ


កំពង់ចាម៖នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុក រួមនឹងក្រុមប្រឹក្សាឃុំទូទាំងស្រុកជើងព្រៃ នៅសាលាស្រុកជើងព្រៃ។

បន្ទាប់ពីកិច្ចសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល ឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីពាក់ព័ន្ធ ឱ្យបង្កើនការពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អទ្វេឡើង ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វប្រកបដោយគតិបណ្ឌិត។

ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្តថា អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធគ្រប់រូបត្រូវបន្តចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ត្រូវការពារសន្តិសុខជាតិឲ្យបានរឹងមាំ សំដៅធានានូវប្រក្រតីភាពនៃស្ថាប័នជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

– ត្រូវពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីឲ្យបានឆាប់រហ័ស ជៀសវាងទុកវិវាទឲ្យមានការរាលដាល និងស្មុគស្មាញ ពិបាកដោះស្រាយ។
– ត្រូវយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាពវិនិយោគកសិផល អាជីវកម្មនានាទូទាំងស្រុក ជាពិសេសផ្ដល់ការគាំទ្រ និងភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាវិស័យអាទិភាពចម្បងរបស់ខេត្ត ស្របតាមគោលនយោបាយ និងគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

-ត្រូវខិតខំសម្របសម្រួល និងពង្រឹងការផ្ដល់សេវាការិយាល័យច្រកចេញចូលតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ មកទទួលសេវា។ ទន្ទឹមនឹងនេះ ត្រូវបន្តពង្រឹងសមត្ថភាពដល់មន្ត្រីផ្ដល់សេវានៅមូលដ្ឋាន ពិសេសមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ-សង្កាត់ មេភូមិ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ពង្រឹងការទទួលខុសត្រូវក្នុងការបំពេញការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងរួមគ្នាដោះស្រាយសំណើសុំពរបញ្ហាប្រឈមនានានៅមូលដ្ឋានប្រកបដោយតម្លាភាព និងគណនេយ្យភាព។

– ត្រូវជំរុញ និងបង្កើនល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ជូនប្រជាពលរដ្ឋ កុមារ និងយុវវ័យ ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការឆ្លងរីករាលដាលនៃជំងឺបំប្លែងខ្លួនថ្មី «ប្រភេទ អូមីក្រុង» និងត្រូវបន្តធ្វើការអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋជាប់ជាប្រចាំនូវវិធានការនានា ការរក្សាគម្លាតសុវត្ថិភាពបុគ្គល និងសង្គម រួមនឹងវិធានការ ៣ការពារ និង៣កុំ៕