ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម ក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ១០០ថ្ងៃ នឹងបូជាព្រះភ្លើងប្រគេនព្រះសពព្រះគ្រូ គុយ ហង្សអតីតព្រះចៅអធិការវត្តមណ្ឌល វិបស្សនាកាលវនារាម (ផ្តៅជុំលិច) ស្ថិតនៅភូមិផ្ដៅជុំ ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោមព្រះរាជដំណើរ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃ រាជាធិបតី សម្ដេចកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរា ជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ។ ពិធីនោះក៏មានការអញ្ជើញចូលរួមអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋពុទ្ធបរិស័ទ ចំណុះជើងវត្ត យ៉ាងច្រើនកុះករ ផងដែរ ។
តាមប្រវត្តិព្រះភិក្ខុ ហំសចារោ គុយ ហង្ស កើតនៅថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ១៩៣១ មានទីកន្លែងកំណើតនៅភូមិផ្ដៅជុំលិច ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ដោយមានឧបនិស្ស័យ ក៏សុំឪពុក ម្ដាយ ទៅសាងព្រះផ្នួស ជាព្រះភិក្ខុ តាំងពីព្រះជន្ម ២០ព្រះវស្សា ។ ព្រះអង្គ បានខិតខំប្រតិបត្តិធម៌វិន័យអស់រយៈពេល ៨វស្សាក៏លាចាក សិក្ខាបទ មករួមរស់ជាមួយឪពុកម្ដាយវិញ ។ ក្រោយមក ក៏បានរៀបអាពាហ៍ពិពាហ៍ និងមានកូនចំនួន ៥នាក់ ។ លុះដល់ឆ្នាំ១៩៩៤ ក៏សុំភរិយា សាងព្រះផ្នួសម្ដងទៀត នៅវត្តបទុមវត្តី ។ មកដល់ឆ្នាំ២០០៣ ព្រះសង្ឃ លោកតាអាចារ្យ គណៈកម្មាការ ពុទ្ធបរិស័ទចុះណុះជើងវត្ត មណ្ឌលវបស្សនាតាលវនារាម ក៏បាននិមន្តព្រះអង្គ មកគង់ចាំព្រះវស្សា ក្នុងឋានជាព្រះគ្រូសូត្រស្ដាំ និងបានតែងតាំងជាព្រះចៅអធិការវត្ត ។ ដោយសង្ខាមិនទៀតទាត់ នៃសត្វលោក ក្នុងវាលវដ្ដសង្សា ព្រះអង្គ ក៏បានសុគត់ ក្នុងព្រះជន្ម ៨៨ ព្រះវស្សា ។ ដោយឡែក ដើម្បី ជាការតបស្នងសងគុណ ចំពោះ ព្រះគ្រូ ថ្ងៃនេះ ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ អាចារ្យ គណកម្មការ ពុទ្ធបរិស័ទ ចុះណុះជើងវត្ត បានប្រារព្ធពិធីបុណ្យ ទក្ខិណា នុប្បទានគម្រប់ ១០០ថ្ងៃ និងបូជាព្រះសពព្រះគ្រូ ហំសចារោ គុយ ហង្ស នេះឡើង ។
សម្ដេចកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ មានថេរដីការថាសង្ខាមនុស្សម្នាក់ ពុំទៀត ទាត់ទេ ពោលគឺ កើត ចាស់ ឈឺស្លាប់ ចាប់មិនបាន រូបប្រាណ តែងតែជាជួប ជាធម្មតា នាម្មឺនស្ដេចប្រជា គេចឋានណា ក៏មិនរួច មច្ចុរាជកំណាចកាចរឹសត្យា គ្មានចិត្តអាណិតមេត្តា ប្ដេចសង្ខាមិនប្រណី រងចាំអ្នកណាឡើយ ។ ជាក់ស្ដែង ព្រះភិក្ខុ គុយ ហង្ស ជាទី បំផុត ស្ដេចមច្ចុរាជ បានផ្ដាច់សង្ខា គ្មានចិត្ត ។ ការកើត ស្លាប់ របស់សត្វលោកនេះ គឺនៅវិលវល់រហូត ខណៈដែលមិនបានទៅដល់បរិនិពាន្ធ នោះ ។ ប៉ុន្តែ យើងពុំអាចដឹងច្បាស់ថា ទៅកើត នៅកន្លែងណានោះឡើយ នេះ វាអាស្រ័យ ទៅតាមកម្លាំងបុណ្យកុសល្យ របស់បុគ្គលម្នាក់ៗ ដែលបានកសាង នៅក្នុងបច្ចុប្បន្នជាតិ ។ នេះមានន័យថា បើបានកសាងបុណ្យច្រើន ក៏បានទៅកើតនៅកន្លែងល្អ ផ្ទុយពីអ្នក មិនដែលធ្វើអាក្រក់ ។ ដូច្នេះ បុគ្គលម្នាក់ ដែលនៅរស់រានមានជីវិត ត្រូវធ្វើបុណ្យកុសលឲ្យបានច្រើន ដើម្បី ជាស្ពានចម្លង ទៅកាន់អនាគតជាតិ ផងដែរ ។
នាឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តកំពង់ចាម និងប្រជាពល រដ្ឋ ក៏បានអញ្ជើញអុចធូបបូជា គោរពវិញ្ញាណក្ខន្ធ ជាកិច្ចមច្ចាមរណៈ ។ រីឯព្រះសង្ឃនិមន្តបង្សុកូលប្រគេនចំពោះព្រះសព ។ បន្ទាប់មក ព្រះមេគុណស្ដីទី សុំព្រះអគ្គីអំពីសម្ដេចព្រះសង្ឃរាជាអម្ចាស់ ជូនឯកឧត្ដមអភិបាល ខេត្តកំពង់ចាម បូជាប្រគេនព្រះសព ទៅតាមកិច្ចសាសនា ៕