ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ៖ ការកសាងសង្គមជាតិមួយ ឲ្យ មានសុខសន្តិភាពទៅបាន គឺ ពិតជាមានការ លំបាកណាស់ ។ ដូច្នេះ សូមឲ្យបងប្អូន ប្រជាពលរដ្ឋ រួមគ្នា ថែរក្សា នូវសុខសន្តិភាព ដែលមានស្រាប់នេះឲ្យ នៅស្ថិតស្ថេរ គង់វង្សជាយូរអង្វែង ដើម្បី បន្តការ អភិវឌ្ឍន៍ រីកចម្រើន បន្ថែមទៀត ។ ការថ្លែងយ៉ាង ដូច្នេះ ក្នុងឱកាស ដែល ឯកឧត្តម រួមជាមួយ ឯកឧត្ដម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យរស្មី ផ្កាប្រាក់សាមគ្គី និងឆ្លងសមិទ្ធផលនានា នៅវត្តគង់វង់រង្សី ហៅវត្តកោះកុក ស្ថិតក្នុង ភូមិកោះកុក «ក» ឃុំកោះទន្ទឹម ស្រុក កំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ ។
ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានថ្លែង កោតសរសើរ ចំពោះ ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌល ខេត្ត កំពង់ចាម រួមជាមួយ សប្បុរសជនទាំងអស់ ដែលបានបរិច្ចាកនូវបច្ច័យ និងសម្ភារៈមួយចំនួន ក្នុងការរួមចំណែកកសាង អារាមនេះឡើងវិញ បន្ទាប់ពី អារាម មួយនេះ ត្រូវ ទទួលការ គម្រាមកំហែងពីគ្រោះធម្មជាតិ ដោយ ការបាក់ស្រុតច្រាំងទន្លេ នាពេលកន្លងមក ហើយត្រូវបាន ផ្លាស់ប្ដូរពីកន្លែងមួយ ទៅកន្លែងមួយ ចំនួន៤លើករួចមកហើយដែរ ។ ដូច្នេហើយ ឯកឧត្តម អភិបាលខេត្ត ក៏ បាន ធ្វេី ការ បួងសួងទៅដល់ទេវតា និងបារមីវត្ថុស័ក្តសិទ្ធជួយបីបាច់ថែរក្សាអារាមដែលកំពុងចាប់ បដិសន្ធិ នៅលើទីតាំងថ្មីនេះ ឲ្យនៅស្ថិតស្ថេរ គង់វង្ស ជារៀងរហូត ដើម្បី ទុកជាទីសក្ការៈបូជា សម្រាប់ពុទ្ធបរិស័ទទូទៅ ។ ដោយឡែក ជាមួយនឹងការ ចូលរួមបច្ច័យ សម្រាប់កសាង ចំនួន ៣.០០០ដុល្លារ សហរដ្ឋអាមេរិក នាឱកាសដែរ ឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងថា ដោយសារ ប្រទេសជាតិយើង មានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទើបយើងមានឱកាស ធ្វើបុណ្យ និងកសាងសមិទ្ធផលរួមគ្នា ។ ចំពោះ ការ កសាងសង្គមជាតិមួយ ឲ្យមានសុខ សន្តិភាព ទៅបាន គឺពិតជាមានការ លំបាកណាស់ ។ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋរួមគ្នា ថែរក្សានូវសុខសន្តិភាព ដែលមានស្រាប់នេះ ឲ្យនៅស្ថិតស្ថេរគង់វង្សជាយូរអង្វែង ដើម្បី បន្តការអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត ដោយមិនត្រូវជឿតាមការញុះញង់ បំបែកបំបាក់ពីជនណាឡើយ ។
សូមបញ្ជាក់ ផងដែរថា បន្ទាប់ពី ទទួលការគំរាមកំហែង ដោយគ្រោះធម្មជាតិ បាក់ស្រុតច្រាំងទន្លេ មកដល់វត្តកោះកុក តម្រូវឲ្យរកទីតាំងសមស្រប ដើម្បី កសាងឡើងវិញ ។ យ៉ាងណាម៉ិញ ដោយមានការឯកភាព ពីសំណាក់ប្រជាពលរដ្ឋ ព្រះសង្ឃ គណៈកម្មាការអាចារ្យវត្ត ជាពិសេស ក្រោមការជួយជ្រោមជ្រែងនិងដឹកនាំកសាងពីសំណាក់ឯកឧត្ដម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម និង លោក ជំទាវ ក៏សម្រេចទិញដី ១កន្លែង ទំហំ ១៥០x១១៥ម៉ែត្រ នៅភូមិកោះកុក «ក» នៃឃុំកោះទន្ទឹមនេះ ដើម្បី កសាងវត្តកោះកុក សម្រាប់អ្នកភូមិ ជាង ៣០០គ្រួសារ ក៏ដូចជា ពុទ្ធបរិស័ទទូទៅ ទុកជាទីសក្ការៈបូជា ហើយ ក៏ បានដង្ហែព្រះពុទ្ធបដិមា ក៏ដូចជា សម្ភារៈផ្សេងៗ យកមកតម្កល់ទុក ជាបណ្ដោះអាសន្ន នៅលើទីតាំង ខាងលើ ដើម្បី រង់ចាំកសាងអារាមថ្មី ឡើងវិញ រហូត សម្រេចបានព្រះវិហារ និងឧបដ្ឋានសាលា ឬសាលាឆាន់ ១ខ្នង មានទំហំ ២០x១០ម៉ែត្រ ដែលត្រូវធ្វើបុណ្យឆ្លង នាពេលនេះ ៕