ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កុដិ បណ្ណាល័យ និងសមិទ្ធផលនានា ក្នុងវត្តកងត្រង់ណឹង ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម


កំពង់ចាម៖នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កុដិ បណ្ណាល័យ និងសមិទ្ធផលនានា ក្នុងវត្តកងត្រង់ណឹង ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ពិធីនោះក៏មានការអញ្ជើញពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា,ប្រតិភូរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ, ថ្នាក់ដឹកនាំខេត្តកណ្តាល ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត, ថ្នាក់ដឹកនាំសាលាដំបូងខេត្ត, កងកម្លាំងទាំងបី ,លោកអភិបាល ក្រុង ស្រុកទាំង១០, ថ្នាក់ដឹកនាំមន្ទីរអង្គភាព ជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋាន និងលោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដោយអនុវត្តយ៉ាងត្រឹមត្រូវទៅតាមវិធានរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងថា÷ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញ មានស្ថិរភាពនយោបាយល្អ និងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ។

ឯកឧត្តម អភិបាលខេត្តបន្តថា ក្នុងកំឡុងពេលជាង ២ទសវត្សរ៍នេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ខេត្តកំពង់ចាមបាននឹងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ទាំងផ្នែកសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវ័ន្តជាច្រើន ជាពិសេសជីវភាពរស់នូវរបស់បងប្អូនប្រជាពលរដ្ឋកាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការទទួលបាននូវសមិទ្ធផលនានាពីរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននានា។

ឯកឧត្តម អ៊ុន ចាន់ដា បន្តថា ផ្ដើមចេញពីកត្តានេះហើយធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសគ្រប់គ្រាន់ក្នុងការប្រតិបត្តិជំនឿសាសនា និងមានការចូលរួមបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ក្នុងការចូលរួមកសាង និងអភិវឌ្ឍវិស័យពុទ្ធសាសនាឲ្យមានការរីកចម្រើនស្របតាមការអភិវឌ្ឍនៃសង្គមជាតិផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ឱ្យដឹងថា÷ សម្រាប់ខេត្តកំពង់ចាម មានប្រជាពលរដ្ឋចំនួន ៩៧.៦% កំពុងប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា ក្នុងនោះវត្តអារាមមានចំនួនសរុប ៣៧៨វត្ត (ធម្មយុត្តិ១២វត្ត) មានព្រះសង្ឃសរុប ៥,៨០១អង្គ (ធម្មយុត្តិ ១៦៤អង្គ)៕