កំពង់ចាមនៅព្រឹកទី៨ ខែមីនា ឆ្នាំ២០២២ ត្រូវជាថ្ងៃអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តកំពង់ចាម អមដំណើរដោយ ព្រះវត្តមាន ព្រះនាគមុនី មេគណខេត្ត, ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ប្រធាន អនុប្រធាន ណៈកម្មាធិការសាខា, ព្រះមន្រ្តីសង្ឃនៃសាលាគណខេត្ត អនុសាខាស្រុក អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ និមន្ត និងអញ្ជើញប្រគល់ផ្ទះបន្ទាបើ ទី៨ ដែលជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមខេត្ត និងសាលាគណខេត្ត ផ្តល់ជូន លោកយាយ អ៊ាង មួយហ៊ាង ជាស្ត្រីមេម៉ាយជរាគ្មានទីពឹង អាយុ ៧២ឆ្នាំ រស់នៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ។
គូរបញ្ជាក់ថា លោកយាយ អ៊ាង មួយហ៊ាង ជាស្ត្រីមេម៉ាយជារាគ្មានទីពឹង មានកូនប្រុសស្រី ៣នាក់ ក្នុងនេះ ២នាក់មានគ្រួសាររស់នៅបែកគ្នា ឯកូនប្រុស ១នាក់ទៀត អាយុ ៣៥ឆ្នាំ មានសតិមិនគ្រប់ រស់ក្នុងបន្ទុក ក្នុងជីវភាពយ៉ាប់យ៉ឺនបំផុត។ ប៉ុន្មានឆ្នាំមកនេះលោកយាយបានធ្លាក់ខ្លួនមានជំងឺប្រចាំកាយពុំមានលទ្ធភាពរកទទួលទានបាន ក៏ដាច់ចិត្តលក់ដីភូមិរបស់ខ្លួន ហើយចែកប្រាក់មួយចំនួនដល់កូន ២នាក់ដែលបែកនៅឆ្ងាយ ឯប្រាក់សេសសល់មួយចំនួនទៀត ទុកចិញ្ចឹមកូន ១នាក់ ដែលមានសតិមិនគ្រប់ និងមើលជំងឺខ្លួនឯងផង។ អ្វីដែលគួរឱ្យអាណិតអាសូរបំផុតនោះគឺ ២នាក់ ម្តាយនិងកូន ត្រូវប្រឈមនឹងកង្វះទីជម្រក ហើយបង្ខំចិត្ត ដើរសុំស្នាក់ពំនាក់ ក្រោមផ្ទះអ្នកជិតខាង ឬតាមវត្តអារាមនានា។
ដោយមើលឃើញពីស្ថានភាពលំបាកនេះ ព្រះចៅអធិការវត្តស្រក បានសម្រេចផ្តល់ដីជាគរុភ័ណ្ឌវត្ត ១ប្លង់ ជូនលោកយាយ រស់នៅ តែមិនប្រគល់អោយជាកម្មសិទ្ធិ ទេ ហើយ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ក៏បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម×៦ម) ១ខ្នង តម្លៃប្រមាណ ១០,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកំពង់សៀម និងសប្បុរសជន ជូនលោកយាយ អ៊ាង មួយហ៊ាង សម្រាប់ ស្នាក់នៅតទៅ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកប្រាប់ដល់អ្នកចូលរួម និង ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ត ” រស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ-19″ ដោយម្នាក់ ៗ ត្រូវបង្កើនការថែទាំសុខភាព ការពារខ្លួនអោយបានជាប្រចាំ ដោយមិនត្រូវធ្វេសប្រហែស ឬ មើលស្រាល ជំងឺ កូវីដ-19 នេះ បានឡើយ ។ ក្នងកាល:ទេស:នេះ ទាំងអស់គ្នា ត្រូវអនុវត្ត អោយបានខ្ជាប់ខ្ជួន នូវ វិធានសុខាភិបាល ” ៣ការពារ និង ៣កុំ ” និង ជំរុញសាច់ញាតិ បងប្អូន កូនចៅ អោយទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នាដែលជួយឱ្យសហគមន៍មានភាពសាំ និងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច មាន ចរន្តដំណើរការល្អប្រសើរឡើងវិញ។
ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខាបានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ លោកយាយ អ៊ាង មួយហ៊ាង សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប , ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, ម៉ាស់ ២ ប្រអប់ , ចង្ក្រាន១, សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ។
ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួល ផ្ទះថ្មីនេះ ចំនួន ១២ នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ម៉ាស់ ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ព្រមទាំងបានផ្តល់ការឧបត្ថមដល់កម្លាំងមានសមត្ថកិច្ចដែលចូលរួមក្នុងពិធីនោះផងដែរ៕