កំពង់ចាម៖ដោយមើលឃើញពីផលវិបាករបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិកំពង់ក្របី ក្នុងការធ្វើដំណើប្រកបកិច្ចការងារ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមលន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាលេខាធិការគណៈកម្មការទី៣ នៃរដ្ឋសភា និងលោកជំទាវ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងទទួលដោះស្រាយសំណូមពរ របស់ប្រជាពលរដ្ឋ ក្នុងការជួសជុលផ្លូវលំមួយខ្សែដែលមានប្រវែង ៥៨៥ម៉ែត្រ ស្ថិតនៅក្នុងភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម លន់ លឹមថៃ បានថ្លែងការកោតសរសើរអំពីសមិទ្ធផលថ្មីៗដែលសម្រេចបាន និងកំពុងធ្វើជាច្រើនទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់ស្រទាប់ជាន់ថ្នាក់ ក៍ដូចជាប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងការជួយអភិវឌ្ឍន៍ភូមិ ឃុំអោយកាន់តែមានការរីកចម្រើនជាលំដាប់ ។ លើសពីនេះផងដែរ ឯកឧត្តមបានមានប្រសាសន៍ថា ការសម្រេចបាននូវសមិទ្ធផលដ៍ថ្លៃថ្លាទាំងនេះវាកើតចេញពីប្រទេសមានសុខសន្តិភាពក្រោមការដឹកនាំដ៍ល្អ និងឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសកម្ពុជាអោយមានភាពសម្បូរសប្បាយដូចសព្វថ្ងៃ។ ដូចនេះសូមប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាជួយរក្សានូវសន្តិភាពមួយនេះអោយបានគង់វង្សយូរអង្វែង។
ឯកឧត្តម បានជម្រាបជូនពីសភាពការណ៍ថ្មីៗដែលកើតមាន ក៏ដូចជាសំណូមពរអោយប្រជាពលរដ្ឋមានការប្រុងប្រយ័តអោយបានខ្ពស់ និងរស់នៅតាមបរិបទថ្មីក្នុងសម័យកាលកូវីដ១៩នេះគឺធ្វើយ៉ាងណាសូមរក្សាអានាម័យអោយបានល្អជាប្រចាំ ដើម្បីចាកផុតពីជំងឺដ៏កាចសាហាវមួយនេះ។
ឯកឧត្តមតំណាងរាស្រ្ត បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិកំពង់ក្របីត្រូវរៀនរស់នៅជាមួយនឹងកូវីដ-១៩ ដោយបន្តអនុវត្តរាល់វិធានការសុខាភិបាល “៣ការពារ ៣កុំ“ មិនត្រូវធ្វេសប្រហែសឡើយ ពីព្រោះថា មេរោគកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មី អូមីក្រុង បាននឹងកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំងនៅឡើយ។ ឯកឧត្តម បានជំរុញឲ្យប្រជាពលរដ្ឋនាំកូនចៅ តូចៗទៅទទួលវ៉ាក់សាំងបង្ការជំងឺនានា និងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដើម្បីការពារសុខភាពកូនចៅខ្លួន និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលចូលក្នុងសហគមន៍។
ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋដែលចូលរួមចំនួន៨៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០.០០០ម៉ឺនរៀល ឧបត្ថម្ភដល់កងកម្លាំងទាំងបីប្រភេទ និងប្រជាការពារចំនួន៣០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០.០០០ម៉ឺនរៀល ឧបត្ថម្ភក្រុមប្រឹក្សាឃុំចំនួន៩នាក់ ក្នុងម្នាក់ៗទទួលបានក្រមារូបទេវតាចំនួន១ និងយល់ព្រមដោះស្រាយនូវសំនូមពររបស់ប្រជាពលរដ្ឋក្នុងការជួសជុលផ្លូវលំមួយខ្សែប្រវែង៥៨៥ម៉ែត្រ នៅក្នុងភូមិកំពង់ក្របីនេះផងដែរ ៕