ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណបក្សខេត្ត កំពង់ចាមបានអញ្ជើញក្នុងពិធីផ្សព្វផ្សាយសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤១ អាណត្តិទី ៥ នៅគណបក្សប្រជាជនខេត្តកំពង់ចាម


ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណបក្សខេត្ត កំពង់ចាមបានអញ្ជើញក្នុងពិធីផ្សព្វផ្សាយសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤១ អាណត្តិទី ៥ នៅគណបក្សប្រជាជនខេត្តកំពង់ចាម នារសៀលថ្ងៃអាទិត្យ ១រោច ខែមិគសិរឆ្នាំចសំរឹទ្ធិស័កពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែធ្នូឆ្នាំ ២០១៨។
កម្មវិធីនេះមានការចូលរួមពីសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជាប្រមាណជា ៣០០ នាក់ បានអញ្ជើញចូលរួមផងដែរ។ ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណបក្សប្រជាជនបានអានសេចក្តីសម្រេចរបស់សន្និបាតគណៈកម្មការកណ្តាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនដែលបានប្រារព្ធឡើងរយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រនេះ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំមិនមែនជាសមាជិកគណៈកម្មាធិការកណ្តាល សរុបជាង៣ពាន់នាក់និងបានសម្រេចជាលទ្ធផលសំខាន់ៗ ចំនួន១១ចំណុច ដើម្បីតម្រង់ទិសសម្រាប់ការអនុវត្តរបស់ខ្លួន ទៅថ្ងៃខាងមុខ។ក្នុងសន្និបាតនោះដែរ បានបញ្ចូលសមាជិកអចិន្រ្តៃយ៍ថ្មីចំនួន៧រូបផងដែរ ដែលធ្វើឱ្យសមាជិកអចិន្រ្តៃយ៍របស់ គណបក្សដ៏ចំណាស់នេះ មានចំនួន៣៧រូប និងមានសមាជិកគណៈកម្មាធិការកណ្តាល ចំនួន៨៦៥រូប។
ក្រោយពីអានសេចក្តីសម្រេចលទ្ធផល១១ចំណុចសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជារួចមក ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម បានបញ្ជាក់ពីការជោគជ័យរបស់គណបក្សប្រជាជន ដែលបានអនុវត្តន៍គោលការណ៍របស់ខ្លួនកន្លងមក ទទួលបានលទ្ធផលល្អប្រសើរ ។ ជាពិសេសគណបក្សប្រជាជនខេត្តកំពង់ចាម បានអនុវត្ត និងពង្រឹងពង្រីកសមត្ថភាពរបស់ខ្លួនបានរឹងមាំលើគ្រប់វិស័យ ដែលជាកិច្ចមានអត្ថន័យចំពោះជោគជ័យរបស់គណបក្សទាំងរយះពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន និងតទៅមុខ។
ក្រោយពីការស្តាប់លទ្ធផលនៃការផ្សព្វផ្សាយសន្និបាតគណៈកម្មាធិការកណ្តាល លើកទី ៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជារួចមក សមាជិក សមាជិកានៃគណបក្សប្រជាជន បានជ្រួតជ្រាប និងយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃអង្គសន្និបាតនេះផងដែរ។