អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងបេសកកម្មលើកទី ៣៥៩ ដើម្បីសុខភាពប្រជាជន


កំពង់ចាម៖នៅព្រឹកថ្ងៃទី១៣ ខែ កុម្ភ: ឆ្នាំ២០២២ ឯកឧត្តម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមជាគណៈអធិបតីក្នុងបេសកម្មលើកទី ៣៥៩ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្នុងការចុះពិនិត្យ ព្យាបាលជំងឺទូទៅជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដោយមិនប្រកាន់បក្សពួក ពូជសាសន៍ សាសនា និន្នាការនយោបាយ រួមនឹងការចុះអប់រំផ្សព្វផ្សាយទប់ស្កាត់ និងបង្កាជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាគ្រប់គ្នាកំពុងរៀនរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី និងការចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង ៣កុំ ។

ពិធីដ៏មានអត្ថន័យនោះ ក៏មានការ អញ្ជើញជាគណៈអធិបតីពីសំណាក់ ឯកឧត្ដម ឡេង ផល្លី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តព្យាបាលឥតគិតថ្លៃរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្ដម ថោង ប៉ូរ៉ាន អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលសេវា ពិនិត្យ និងព្យាបាលជំងឺ ប្រមាណជាង ១,០០០ នាក់ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា ការបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីសុខភាពប្រជាជននាថ្ងៃនេះ គឺផ្តើមចេញពីកត្តាប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អភិបាលខេត្តបន្តថា ដូច្នេះយើងគ្រប់គ្នាត្រូវរួមគ្នាថែរក្សា ការពារសន្តិភាពដែលបានមកដោយកម្រឱ្យបានគង់វង្សយូរអង្វែង៕