នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នេះ ក្រុមប្រឹក្សា បានរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី២ ឆ្នាំ២០១៨ នៅស្រុកបាធាយ ។ វេទិកានេះ រៀបចំនៅបរិវេណវត្តតាំងក្រសាំង ស្ថិតនៅក្នុងឃុំទំនប់ ស្រុកបាធាយ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមជាអភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត និងតំណាងមន្ទីរ អង្គភាព ព្រមទាំង អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សរុបប្រមាណជា ៤០០នាក់ ផងដែរ ។
ឯកឧត្តម ខ្លូត ផន គូសបញ្ជាក់ថា ការរៀបចំវេទិកាផ្សព្វផ្សាយនេះឡើង គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយ សម្រាប់លើកកម្ពស់គណនេយ្យភាពតម្លាភាព និងការចូលរួម របស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រី ក្នុងកិច្ចដំណើរការអភិបាលកិច្ច របស់ក្រុមប្រឹក្សា នៃរដ្ឋបាល ថ្នាក់ក្រោមជាតិ គ.ជ.អ.ប បានរៀបចំឯកសារបច្ចេកទេស ស្ដីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នេះឡើង ក្នុងគោលបំណងផ្ដល់ជំនួយស្មារតីក្នុងការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារដ្ឋបាល ថ្នាក់ក្រោមជាតិ ឲ្យមានភាពរលូន មានប្រសិទ្ធភាព តម្លាភាពនិងការចូលរួមពិភាក្សា យ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋ ទាំងបុរស និងស្ត្រី ។ ឯកឧត្ដមប្រធានក្រុមប្រឹក្សា បានបញ្ជាក់ថា វេទិកានេះ មានគោលបំណង ដើម្បី ផ្ដល់ព័ត៌មាន ដល់ក្រុមប្រឹក្សាក្រុង ស្រុកក្រុមប្រឹក្សាឃុំ សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានា របស់ក្រុមប្រឹក្សាខេត្ត ក្នុងការឆ្លើយតប ទៅនឹងសំណើទាំងឡាយ របស់ក្រុមប្រឹក្សាក្រុង/ស្រុក ក្រុមប្រឹក្សាឃុំ/សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋទាំងមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាគណៈអភិបាលក្រុង ស្រុក សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ រួមនឹងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ផងដែរ ។
ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ក៏បានឲ្យតំណាងមន្ទីរ អង្គភាព អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធ ឡើងឆ្លើយតប និងបកស្រាយបំភ្លឺនូវសំណួរ និងសំណូមពរ ទាំងឡាយដែលប្រជាពលរដ្ឋបានលើកឡើង ដែលទាក់ទងទៅនឹងបញ្ហា ៖ ការកង្វះសៀវភៅអត្រានុកូលដ្ឋាន តម្លៃសេវាទិញ លក់ដី ត្រូវបង់ចូលអង្គភាពជំនាញ ការដាច់ចរន្តអគ្គិសនី ការស្នើសុំជួយសាងសង់ផ្លូវ ដែលមានការលំបាក ជាដើម សរុប បានចំនួន ១៥ លើសំណួរ និងសំណូមពរ បានលើកឡើង ទាំង ១៨ ។ ដោយឡែក សំណួរ និងសំណូមពរ ដែលនៅសេសសល់ ត្រូវបានយកទៅពិភាក្សាដោះស្រាយ នៅពេលក្រោយ ទៅតាមប្រភេទរដ្ឋបាលនីមួយៗ ផងដែរ ។ ម្យ៉ាងវិញទៀត ដោយសារតែរាល់សំណួរ និងសំណូមពរ នៃការលើកឡើង របស់ប្រជាពលរដ្ឋ ទាក់ទៅនឹង ការមិនទាន់យល់ដឹងអំពីតម្លៃសេវាសាធារណៈ ឯកឧត្ដម គួច ចំរើន ក៏បានទទួលយកបញ្ហាទាំងអស់នេះ ដើម្បី ធ្វើការដឹកនាំសារជាថ្មីម្ដងទៀត តាមរយៈ កិច្ចប្រជុំប្រចាំខែ របស់ខេត្ត ឲ្យកាន់តែទូលំទូលាយ ថែមទៀត ។ ជាមួយនោះ ឯកឧត្ដម ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ បើចង់ដឹងអំពីតម្លៃសេវាសាធារណៈ សូមចូលទៅមើលទៅក្នុង Page របស់រដ្ឋបាលខេត្ត ដែលអង្គភាពច្រកចេញចូលតែមួយ បានធ្វើការផ្សព្វផ្សាយ យ៉ាងលម្អិតលើកិច្ចការនេះ ៕