អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវបេតុងជាច្រើនខ្សែ នៅសង្កាត់បឹងកុក ក្រុងកំពង់ចាម


កំពង់ចាម៖នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំ មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការចូលរួមពីក្រុមហ៊ុនទទួលការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវបេតុងចំនួន ៨ខ្សែ ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ប្រវែង១,៤០០ ម៉ែត្រ និងលូរំដោះទឹក (មុខកាត់០,៨០ម) ប្រវែង ១,៥២៩ ម៉ែត្រ ដែលជាគម្រោងអភិវឌ្ឍន៍ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តកំពង់ចាម។ គិតមកដល់ពេលនេះសំណង់ខាងលើសម្រេចការស្ថាបនារួចរាល់១០០ ភាគរយ។ ដោយឡែកផ្លូវដែលនៅសេសសល់ អាជ្ញាធរខេត្តនឹងធ្វើការស្ថាបនាជាបន្តបន្ទាប់ ដោយប្រើកញ្ចប់ថវិកាអភិវឌ្ឍន៍ សម្រាប់ឆ្នាំ២០២២។ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញចុះពិនិត្យវឌ្ឍនភាពផ្លូវខាងលើ ក៏បានទទួលការសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ ប្រកបដោយស្នាមញញឹម និងក្តីអំណរក្រៃលែង ដោយពួកគាត់បានពោលថា ក្នុងមួយជីវិតរបស់ពួកគាត់ ពុំដែលធ្លាប់បានឃើញផ្លូវ គមនាគមន៍ល្អខ្វាត់ខ្វែងនៅខាងមុខផ្ទះរបស់ពួកគាត់ឡើយ។

បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារ បន្តអញ្ជើញចុះពិនិត្យគម្រោងផ្លូវ បេតុង១ខ្សែផ្សេងទៀត ស្ថិតនៅភូមិឡឥត និងភូមិថ្មគោល សង្កាត់បឹងកុក ដែលមានប្រវែង ៦,៤០០ម ដែលផ្លូវខាងលើនឹងបើកការដ្ឋានស្ថាបនា នៅចុងខែកុម្ភៈ ឆ្នាំ២០២២នេះ។

ក្នុងដំណើរអញ្ជើញចុះពិនិត្យ វឌ្ឍនភាពផ្លូវគមនាគមន៍ខាងលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក៏បាន អញ្ជើញចុះពិនិត្យ សិក្សាគម្រោងតម្លើងបង្គោលភ្លើងថ្មី និងការរៀបចំបំពាក់អគ្គិសនីលម្អតាមបណ្តាយមាត់ទន្លេ ចាប់ពីសាលាសង្កាត់ កំពង់ចាម រហូតដល់សាលាសង្កាត់បឹងកុក ដែលគម្រោងខាងលើ នឹងចាប់ផ្ដើមដំណើរនាពេលឆាប់ៗខាងមុខផងដែរ។