ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម


កំពង់ចាម៖នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម។ ដែលពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត នាយករដ្ឋបាល ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត, ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ, ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុក និងមន្រ្តីរាជការនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងក្រើនរំលឹក ដល់មន្ត្រីសុខាភិបាលខេត្ត សូមបន្តបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។ គ្រូពេទ្យ ត្រូវពិនិត្យ និងព្យាបាលអ្នកជំងឺ ដោយយកចិត្តទុកដាក់ស្មោះត្រង់ផ្អែកលើចំណេះដឹងវិជ្ជាសាស្រ្ត និងបើចាំបាច់ត្រូវរកជំនួយពីអ្នកដែលមានសមត្ថភាពខ្ពស់ជាង។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា កន្លងទៅដោយសារតែការងារមមាញឹកពេក ការបម្រើសេវារបស់គ្រូពេទ្យ ធ្លាប់មានបញ្ហាខ្លះ ក្នុងការប្រើសម្ដីមិនបានសមរម្យជាមួយអ្នកជំងឺ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកជំងឺ និងក្រុមគ្រួសារ ហើយប្រការនោះត្រូវបានកែប្រែ និងមានការផ្លាស់ប្ដូរឥរិយាបថច្រើន រហូតមកដល់បច្ចុប្បន្ននេះ នៅមានតិចតួចតែប៉ុណ្ណោះ ។ ប៉ុន្តែបើកទោះជាយ៉ាងនេះក្តី សូមឲ្យមន្ត្រីសុខាភិបាលរបស់យើង ខិតខំបន្តកែប្រែបន្ថែមទៀត ជៀសវាងមានការថ្នាំងថ្នាក់ចិត្តពីប្រជាពលរដ្ឋ ដែលគាត់កំពុងមានបញ្ហាសុខភាព ហើយរត់មករកជំនួយពីក្រុមគ្រូពេទ្យ ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម អភិបាលខេត្ត បានសម្ដែងការកោតសរសើរ និងអរគុណជាអនេក នូវកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីបុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ដែលកន្លងមកនេះ ទទួលបាន គុណសម្បត្តិទាំងអស់គ្នា ដែលបានសហការគ្នា បម្រើសេវាប្រកបដោយវិជ្ជាជីវៈផ្ទាល់ជាមួយប្រជាពលរដ្ឋ ធ្វើឱ្យយើងទទួលបាននូវស្ថានការណ៍បានល្អប្រសើរ នៃជំងឺកូវីដ១៩ ដូចថ្ងៃនេះ៕

លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានថ្លែងថា រយៈពេល ២ឆ្នាំចុងក្រោយ ប្រទេសកម្ពុជាយើងក៏ដូចជាសកលលោកទាំងមូល បានធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១៩ ធ្វើឲ្យប៉ះពាល់ដល់ អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ទល់នឹងនឹងជំងឺនេះ រហូតមកដល់បច្ចុប្បន្នស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល ប្រទេសយើង ត្រូវបានបើកដំណើរការឡើងវិញ ដោយស្ថិតនៅក្នុងការប្រុងប្រយ័ត្នជាប្រចាំ អនុវត្តនូវវិធានការ ៣កុំ ៣ការពារ ។ ដោយឡែកនៅក្នុងខេត្តកំពង់ចាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងកងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីបុគ្គលិកសុខាភិបាលទាំងអស់ បានខិតខំលះបង់អស់កម្លាំងកាយចិត្ត និងស្មារតីដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ធ្វើឲ្យស្ថានភាព មានភាពធូរស្រាលឡើងវិញគួរជាទីមោទន:៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម