ឯកឧត្តម គួច ចំរើន ជួបសំណេះសំណាលជាមួយបុគ្គលិក មន្រ្តីរាជការ នៃរដ្ឋបាលសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ


ឯកឧត្តម គួច ចំរើន ជួបសំណេះសំណាលជាមួយបុគ្គលិក មន្រ្តីរាជការ នៃរដ្ឋបាលសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម លើកឡើងថា ៖ «មន្ត្រី គឺជាទូក ប្រជាពលរដ្ឋ គឺជាទឹក ។ ទឹកអាចទ្រទូក ឲ្យឡើងបាន តែទឹកក៏អាចពន្លិចទូកបានដែរ ។ ដូច្នេះ ក្នុងនាមជាមន្ត្រីរាជការ ត្រូវរួមគ្នា បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យបានគាប់ប្រសើរ ដោយធ្វើឱ្យលឿន និងមានតម្លាភាព» ។ ការលើកឡើង បែបនេះ ធ្វើឡើង នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ក្នុងឱកាសជួបសំណេះសំណាល ជាមួយមន្ត្រី ថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការ រដ្ឋបាលសាលា ខេត្តកំពង់ចាម ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រណៃណីជាតិធំមួយ របស់ប្រជាពលរដ្ឋកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ១៥រោច ខែភទ្របទ នាពេលឆាប់ៗខាងមុខនេះ ។
ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ការជួបជុំគ្នា នាពេលនេះ គឺជារឿងធម្មតា នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ រដ្ឋបាលសាលាខេត្ត តែងតែបានធ្វើពិធីជួបសំណេះសំណាល ជាមួយបងប្អូនជាមន្ត្រីចូលនិវត្តន៍ ដែលជារៀមច្បង និងបងប្អូនមន្ត្រីរាជការ បុគ្គលិក កម្មករ រដ្ឋបាលសាលាខេត្ត ទាំងអស់ ព្រមទាំង ឧបត្ថម្ភនូវថវិកា ដើមី្ប ឲ្យបងប្អូនយកទៅប្រើប្រាស់ ទៅតាមសេចក្តីតម្រូវការ ជាក់ស្ដែង ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាល ខេត្តកំពង់ចាម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ រាល់កិច្ចខិតខំប្រឹងប្រែង របស់មន្រី្ដរាជាការសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារ ទទួលបានលទ្ធផលល្អ និងបន្តជម្រុញ និងលើកកម្ពស់ប្រសិទ្ធភាព ការងារបន្ថែមទៀត ជាពិសេល ការយកចិត្តទុកដាក់ លើកផ្តល់សេវាសារធារណៈ ទៅតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងអណត្តិទី៦ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ឯកឧត្ដម បញ្ជាក់ថា ដោយផ្អែកទៅតាមស្ថានភាពវិវឌ្ឍ នៃប្រទេសជាតិ ក្នុងដំណាក់កាលចុងក្រោយ មន្ត្រីរាជការ ត្រូវប្រែឥរិយាបទពីអ្នកគ្រប់គ្រង ទៅជាអ្នកបំរើសេវាសាធារណៈ ។ ដូច្នេះ មកដល់វេលានេះ យើងខ្ញុំ ជាមន្ត្រីរាជការ ដែលកំពុងបំពេញភារកិច្ច នៅក្នុងតួនាទីភារកិច្ច របស់រដ្ឋបាល ខេត្តកំពង់ចាម ត្រូវមានការយលដឹង និងដើរឲ្យស្របទៅតាម គោលនយោបាយនេះ ដើម្បី ឆ្លើយតបទៅនឹងសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ ។ ឯកឧត្ដមបញ្ជាក់ដែរថា ក្នុងការឆ្លើយតបទៅនឹង ការងារបំរើសេវាសាធារណៈ នេះដែរ មកដល់ពេលនេះ ខេត្តកំពង់ចាម ក៏បានបង្កើត និងដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយ ដើម្បី បំរើសេវារដ្ឋបាល ជូនទៅប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ច ។ ក្រៅពីនោះ យើងក៏មានគម្រោងបង្កើតឲ្យមានការិយាល័យច្រក នៅតាមបណ្ដាស្រុក ដែលសេសសល់មួយចំនួនទៀត ខណៈដែលបច្ចុប្បន្ន យើងមានការិយាល័យច្រក ចំនួន ២ រួចមកហើយ គឺ ៖ ក្រុងកំពង់ចាម និងស្រុកជើងព្រៃ ដើម្បី ឲ្យមូលដ្ឋានក្រុង ស្រុក បំរើសេវានេះ ជូនប្រជាពលរដ្ឋ ឲ្យបានស្មើៗគ្នា ដូចៗគ្នា និងកាន់តែល្អប្រសើរ ថែមទៀត ។ ព្រោះថា «មន្ត្រី គឺជាទូក ប្រជាពលរដ្ឋ គឺជាទឹក ។ ទឹកអាចទ្រទូក ឲ្យឡើងបាន តែទឹកក៏អាចពន្លិចទូកបានដែរ ។ ដូច្នេះ ក្នុងនាមជាមន្ត្រីរាជការ ត្រូវរួមគ្នា បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យបានគាប់ប្រសើរ ដោយឈរលើគោលការណ៍ ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព ឱ្យសាកសមនឹងប្រជាពលរដ្ឋបោះឆ្នោតជូនយើង ដ៏ច្រើនលើសលុបនោះ» ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ សាលាខេត្តទាំងអស់ បន្ទាប់ពីបានត្រឡប់មកវិញ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និងមានការសាមគ្គីភាពផ្ទៃ ក្នុងឲ្យបានល្អ ព្រមទាំងបម្រើនូវសេវាសាធារណៈ ជូនប្រជាជនឲ្យ បានទាន់ពេលវេលា និងធ្វើគំរូល្អ ដល់ មន្ត្រីក្រោមឱវាទ នៃទីចាត់ការទាំងអស់ ។ ក្រៅពីនោះ ត្រូវមានទំនាក់ទំនងល្អ ជាមួយ បណ្តាមន្ទីរ អង្គភាព និងភ្ញៀវជាតិ អន្តរជាតិ ដើម្បី ភាពរីកចំរើន ដល់ខេត្តកំពង់ចាម ។ ដោយឡែក នៅក្នុងឱ្យកាសបុណ្យភ្ជុំបិណ្ឌនេះដែរ រាល់ពេលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរ ដោយពាក់មួក និងដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ដើម្បី បញ្ជៀសនូវបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិត ។