អាជ្ញាធរខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធី «ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦» នៅស្រុកជើងព្រៃ


កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និងឯកឧត្ដម ផ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ អញ្ជើញចូលរួមក្នុងពិធី «ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦» នៅស្រុកជើងព្រៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ក្រសួងសាធារណៈការ និងដឹកជញ្ជូន, គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អភិបាលខេត្តពាក់ព័ន្ធ, ថ្នាក់ដឹកនាំ-មន្ត្រីរាជការនៃរដ្ឋបាលខេត្ត, ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញវិញខេត្ត, អាជ្ញាធរមូលដ្ឋាន, ជាតំណាងអង្គការដៃគូ, មហាជន និងយុវជន ជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេច ព្រមទាំងអង្គពិធី ហើយបន្ទាប់មកស្រ្តីអតីតកម្មការនីមួយរូប បានឡើងថ្លែងរំលឹកអំពីបទពិសោធន៍ជិះម៉ូតូជួបគ្រោះថ្នាក់ជាមួយរថយន្តបណ្ដាលឱ្យបាក់ជើងឆ្វេង ព្យាបាលជាង៥០ថ្ងៃ និងមានការឈឺចាប់រាល់ពេលមេឃចុះត្រជាក់ ភិតភ័យរាល់ពេលធ្វើដំណើរ និងជួបបញ្ហាជីវភាពដោយសារមិនអាចធ្វើការងារបានដូចមុន។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញថ្លែងសុន្ទរកថា និងសំណេះសំណាលជាមួយអង្គពិធី ពិសេសជនរគ្រោះដោយគ្រោះថ្នាក់ចរាណ៍ ដោយជាកិច្ចចាប់ផ្ដើម សម្ដេច ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្ដែងការចូលរួមមរណទុក្ខ ជាមួយសាច់ញាតិទាំងឡាយនៃជនរងគ្រោះ ដែលបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ និងបានបួងសួងវិញ្ញាណក្ខន្ធជនរងគ្រោះបានទៅកាន់សុគតិភព។

សម្ដេចបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះពលីកម្មរបស់មន្រ្តីអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ដែលបានបំពេញភារកិច្ចមិនខ្លាចនឿយហត់ប្រកបដោយស្មារតីឈ្លាសវ័យ ទទួលខុសត្រូវក្នុងការរឹតបន្តឹងអនុវត្តច្បាប់ បានរក្សាសណ្ដាប់ធ្នាប់ ផ្សព្វផ្សាយអប់រំច្បាប់ កសាងជួសជុលកែលម្អរផ្លូវថ្នល់ សង្គ្រោះជនរងគ្រោះ និងការងារផ្សេងៗទៀត ធ្វើឱ្យទទួលបានលទ្ធផលគួរកត់សំគាល់ ពិសេសបានកាត់បន្ថយអត្រាអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍៕