កំពង់ចាម៖នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា អមដំណើរដោយ លោកនាយកប្រតិបត្តិសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ ទៅផ្តល់ជូនពលរដ្ឋ ៣គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ រស់នៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ។
កាលពីម៉ោង ៩ និង១០នាទី យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ មានអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ អស់ចំនួន ៣ខ្នង ដោយផ្ទះ ១ខ្នង សង់អំពីឈើប្រក់សង្កសី មានទំហំ ៥×៦ម និង ២ខ្នង ទៀត សង់អំពីឈើ ប្រក់ក្បឿង មានទំហំ ៧×១៥ម ។ តាមការសន្និដ្ឋាន អគ្គីភ័យនេះ ដោយសារ ឆ្លងចរន្តអគ្គិសនី ។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាខ្លាំង ជាមួយក្រុមគ្រួសាររងគ្រោះ ចំពោះ ឧប្បត្តិហេតុ ដែលកើតឡើង ដោយនឹកស្មានមិនដល់នេះ ហើយបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិ អស់គ្មានសល់ ។
ជាមួយគ្នានោះដែរ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរ បារម្ភ អំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង រួមទាំង ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាង នាំយកជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាក ជូនជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល» ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានលើកការអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ។ ដូចនេះ ពេលមិននៅ ឬចាកចេញពីផ្ទះ ត្រូវបិទកុងតាក់ភ្លើងអគ្គិសនី ពន្លត់ភ្លើងចង្ក្រាន ហ្គាស ពន្លត់ទៀន ធូប ជាមុនសិន ។ ម៉្យាងទៀត ការតភ្ជាប់ចរន្តអគ្គិសនី ក៏ត្រូវពិនិត្យរៀបចំឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ផងដែរ ។ មួយផ្នែកទៀត ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមលើកកម្ពស់ការថែទាំសុខភាព ឱ្យបានល្អប្រសើរ តាមរយៈ ការរស់នៅដោយប្រកាន់ខ្ជាប់អនាម័យស្អាត ៣យ៉ាង ជាពិសេស ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមវិធានការសុខាភិបាល «៣កុំ ៣ការពារ និង ២ចូលរួម» ដើម្បី ជៀសឲ្យផុតពីការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ បម្លែងថ្មី គ្រប់ៗគ្នា ។
គូសបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលឯកឧត្ដម អ៊ុន ចាន់ដា និងក្រុមការងារ នាំទៅផ្តល់ជូនទាំង ៣គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ៥០គក្រ មី ២កេស ត្រីខ ២យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ឃីត (មុង ភួយ សារុង ក្រម៉ា ) ១កញ្ចប់ តង់ ១ អាវយឺត ៨ សម្ភារៈ និងផ្ទះបាយ ១សម្រាប់ ព្រមទាំង ថវិកា ចំនួន ១លានរៀល ផងដែរ ៕