កំពង់ចាម៖នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងឱកាសអបអរសាទរខួបលើកទី៧៣ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យជាសាកលតាមកាលកំណត់(UPR) ដែលប្រារព្វធ្វើឡើងនៅសាលាខេត្តកំពង់ចាម។ សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ប្រតិភូអម ឯកឧត្តមប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម អភិបាលរងខេត្ត លោកអភិបាលក្រុង-ស្រុក លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ការដាក់ចេញនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ខេត្តកំពង់ចាម បាននឹងកំពុងមានការរីកចំរើន និងប្រែមុខមាត់ជាបន្តបន្ទាប់ ទាំងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធិផលរូបវន្តជាច្រើន ជាពិសេស ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែលើកកម្ពស់ជាបណ្ដើរៗ ។ តាមរយៈ ការទទួលបាននូវសមិទ្ធផលនានា ពីរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននានា ដូចជា ៖ ផ្លូវ ស្ពាន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត អគ្គិសនី ទឹកស្អាត…។ល។ ដែលសមិទ្ធផលទាំងនោះ បាននឹងកំពុងជួយដល់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រ ពីភាពក្រីក្រ ១០០% ចាប់តាំងពីឆ្នាំ ១៩៧៩ មកនៅត្រឹម ១២,៦% នៅតាមទីប្រជុំជន និង ២២,៨% នៅតាមទីជនបទ ក្នុងឆ្នាំ២០២០ ។ ឯកឧត្ដមអភិបាលខេត្ត បានឲ្យដឹង ផងដែរថា ទាក់ទងទៅនឹងស្ថានភាពជម្ងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ខេត្តកំពង់ចាម បានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៨.៤៣៨នាក់ ក្នុងនោះករណីជាសះស្បើយចំនួន ៨.០៦៤នាក់ ករណីស្លាប់ចំនួន ៣២០នាក់ ក្នុងនោះស្លាប់ដោយសារជម្ងឺកូវីដ ២១៣នាក់ និងស្លាប់ដោយបញ្ហាផ្សេងៗ ចំនួន ១០៧នាក់ ។ បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលមានចំនួន ៥៤នាក់ ។ ទន្ទឹមជាមួយនោះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង ៥៩០.០០៣នាក់ ស្មើរនិង ៨៤,៨០៨% នៃផែនការ ចំពោះកុមារនិងយុវវ័យអាយុ ១២ឆ្នាំដល់ ១៨ឆ្នាំ ចំនួន ១១០.៣៤០នាក់ ស្មើរនិង ៩៩,៩៥% នៃផែនការ , កុមារអាយុ ៦ឆ្នាំដល់ ១២ឆ្នាំ ចំនួន ១២០.៦០៩ ស្មើរនឹង ១០៨,២៥% នៃផែនការ និងកុមារអាយុ ៥ ឆ្នាំ ចំនួន ១២.៧៤៣នាក់ ស្មើរនឹង ៧៤,៧៨% នៃផែនការ ។ បន្ថែមពីនេះ ការចាក់វ៉ាក់សាំងដូសទី ៣ ជាដូសជំរុញជូនដល់ប្រជាពលរដ្ឋបានចំនួន ៩៣.៨៣២នាក់ ផងដែរ ។
ឯកឧត្ដម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សិក្ខាសាលា ខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ ស្របពេលដែលថ្ងៃនេះ ជាថ្ងៃរំលឹកខួបលើកទី៧៣ នៃជាទិវាសិទ្ធមនុស្សអន្តរជាតិ ១០ធ្នូ ដែលប្រទេសនានា រួមទាំង ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋសមាជិកអង្គការសហប្រជាជាតិ បានរំលឹកជារៀងរាល់ឆ្នាំ និងបានចារឹកទុកជា «ទិវាអន្តរជាតិ» សម្រាប់ទុកឱ្យមនុស្សទាំងអស់គ្នា រំឭកឡើងវិញនូវគុណសម្បត្តិ ដែលគេបានប្រតិបត្តិលើមនុស្សជាតិ ។ ក្រៅពីនោះ សិក្ខាសាលានេះ បានជម្រុញឲ្យភាគីពាក់ព័ន្ធគ្រប់វិស័យ ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ បានជ្រួតជ្រាប និងរួមគ្នា ចូលរួមអនុវត្តទាំងអស់គ្នា ផងដែរ។
គួរបញ្ចាក់ថា៖ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំនងផ្សព្វផ្សាយជូនដល់អ្នកពាក់ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិមនុស្សលើកគ្រប់វិស័យ ដូចមានបង្ហាញនៅក្នុងរបាយការណ៍ជាតិស្តីពីការពិនិត្យជាសកលតាមកាលកំណត់។