ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត បានអញ្ជើញក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម


កំពង់ចាម៖នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ដោយមានការចូលរួមពីលោកនាយកទីចាក់ការ គ្រប់គ្រងធនធានមនុស្ស លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុប្រធានមន្ទីរ នាយខណ្ឌរដ្ឋបាលព្រៃឈើ នាយខណ្ឌរដ្ឋបាលជលផល ប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរ ប្រធាន អនុប្រធានការិយាល័យ ក្រុង ស្រុក ផងដែល។


លោក អឿ វឿន នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស បានអានដីការលេខ ០៩២/២១ ដក.តត ស្តីពីការតែងតាំងមន្ត្រីចំនួន ៧រូប ក្នុងរចនាសម្ព័ន្ធមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួចមក ឯកឧត្តម ហេង វណ្ណនី អភិបាលបានរងខេត្ត ការណែនាំដល់ មន្រ្តីដែលទើបតែងតាំង ត្រូវយកចិត្តទុកដាក់ អំណត់អត់ធន់ ទន់ភ្លន់តែម៉ឹងម៉ាត់ និងរៀនសូត្រដកស្រង់បទពិសោធន៍ពីការងារដែលយើងធ្លាប់ជួបប្រទះ ដើម្បីឲ្យក្លាយខ្លួនទៅជាអ្នកដឹកនាំដែលមានគំរូល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ និងត្រូវពង្រឹងសមត្ថភាព គុណភាពការងារ និងមនសិកាវិជ្ជាជីវៈរបស់មន្ត្រីរាជការ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងារ និងធានាការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ពិសេសការផ្លាស់ប្ដូរឥរិយាបថ អ្នកផ្ដល់យោបល់ អ្នកប្រឹក្សាយោបល់ ការសម្របសម្រួល និងភាពប៉ិនប្រសព្វក្នុងការទំនាកទំនង គឺជាកត្តាសំខាន់ៗនៃការផ្តល់សេវាសាធារណៈ ហើយជារួមត្រូវមាន “ចរិកមហាជន” ពោលគឺត្រូវផ្សព្វផ្សាយជាសាធារណៈនូវព័ត៌មានទាក់ទងនឹងបច្ចេកទេសជំនាញឲ្យទូលំទូលាយនិងចំគោលដៅក្នុងគោលបំណងដើម្បីចែករំលែកនូវចំណេះដឹងបច្ចេកទេសថ្មីៗ និងបទពិសោធន៍ល្អៗ និងត្រូវនាំគ្នាចុះមូលដ្ឋានបម្រើ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ទាន់ពេលវេលា និងមាន ប្រសិទ្ធភាព។

ត្រូវខិតខំធ្វើការផ្សព្វផ្សាយការងារបច្ចេកទេសទាក់ទងផលិតកម្មស្រូវ បន្លែ ដំណាំកសិឧស្សាហកម្ម ផលិតកម្មសត្វ និងសុខភាពសត្វ តាមរយៈធ្វើការផ្សព្វផ្សាយពូជ ចំណី ជំងឺ និងពង្រឹងការគ្រប់គ្រងលើការធ្វើអាជីវកម្មសម្ភារកសិកម្មឱ្យបានល្អ។ ដោយឡែក វិស័យព្រៃឈើ និងជលផល ត្រូវធ្វើការការពារធនធានធម្មជាតិ និងអភិវឌ្ឍសហគមន៍ឱ្យមានការរីកចម្រើនដើម្បីកែលម្អជីវភាព លើកកម្ពស់ប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ កាត់បន្ថយការពឹងអាស្រ័យតែលើផល និងអនុផលព្រៃឈើហើយក៏ត្រូវអភិវឌ្ឃវិស័យវារីវប្បកម្មផងដែរ។