កំពង់ចាម ៖នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ដោយមានការរួមដំណើរពី លោកស្រីអភិបាលរងស្រុកជើងព្រៃ លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំ សំពងជ័យ និងឃុំសូទិព្វ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់កម្មករ កម្មការនី ទើបសម្រាលកូនរួច និងជួបគ្រោះថ្នាក់ផ្សេង រួមមាន ÷ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០គ្រួសារ ស្ថិតនៅក្នុងឃុំសំពងជ័យ និងឃុំសូទិព្វ ស្រុក ជើងព្រៃ ខេត្តកំពង់ចាម ។
ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម ក៏បានជម្រាបជូនពីការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តជូនចំពោះបងប្អូនកម្មករ កម្មការនី និងបានអប់រំណែនាំចំពោះបងប្អូនប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ផ្លាស់ប្ដូរទំលាប់ធ្វើការងារ និងការរស់នៅតាមគន្លងថ្មីក្នុងបរិបទកូវីដ-១៩ ដោយត្រូវខិតខំអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។