ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តអញ្ញើញចូលរួមពិធីផ្ទេរភារកិច្ច និងតែងតាំងអភិបាលរង ស្រុកកោះសូទិន


កំពង់ចាម ៖នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីផ្ទេរភារកិច្ច និងតែងតាំងអភិបាលរង ស្រុកកោះសូទិន ក្រោមអធិបតីភាពឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ ពិធីក៏មានការអញ្ជើញចូលរួមពីលោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សា និងមន្ត្រីរាជការសាលាស្រុកផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត បានថ្លែងនូវការអបអរសាទរ ចំពោះ មន្ត្រីទាំងអស់ ដែលត្រូវប្រមុខរាជរដ្ឋាភិបាល ទុកចិត្ត និងតែងតាំងឲ្យកាន់មុខតំណែងថ្មី នាពេលនេះ។ ឯកឧត្តម អភិបាលរង បានក៏គូសបញ្ជាក់ថា
«ការតែងតាំង ការផ្ទេរភារកិច្ច ជារឿងសាមញ្ញ របស់មន្ត្រីរាជការ រដ្ឋបាលសាធារណៈ»។

ឯកឧត្តមអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់ លោកអភិបាលរងស្រុក ដែលទើបនឹងឡើងកាន់តំណែងថ្មី ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងជួរថ្នាក់ដឹកនាំសាលាស្រុក ក៏ដូចជា មន្ត្រីរាជការក្រោមឱវាទ ឲ្យបានល្អប្រសើរ និងត្រូវខិតខំបង្កើតសមត្ថភាព ដើម្បី ធ្វើយ៉ាងណា ប្រែក្លាយជាអ្នកបម្រើសេវាសាធាណៈឲ្យបានល្អ ជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន ឲ្យស្របតាមគោលនយោបាយកំណែទម្រង់ រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា នាបច្ចុប្បន្ន ។ ដូចគ្នានោះដែរ មន្ត្រីទាំងអស់ ត្រូវលើកកម្ពស់កិច្ចទំនាក់ទំនង ជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ក៏ដូចជា មន្ទីរជំនាញនានា ជុំវិញខេត្ត ឲ្យបានល្អប្រសើរ ផងដែរ។

គួរបញ្ជាក់ថា យោងប្រកាសលេខ ២៦៨៤ប្រក ចុះថ្ងៃទី២២ ខែតុលាឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ បានតែងតាំង
-លោក ឃុន សុវណ្ណរ៉ា ឋាន្តរសក្តិគ្រូបង្រៀន កម្រិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ ៦ ឲ្យកាន់មុខតំណែង ជាអភិបាលរងស្រុកកោះសូទិន។
-លោក ហ៊ុល សារ៉ន ឋាន្តរសក្តិគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ ៦ ឲ្យកាន់មុខតំណែង ជាអភិបាលរងស្រុកកោះសូទិន។
-ផ្ទេរភារកិច្ច លោក ហេង សុធន ឋាន្តរសក្តិនាយក្រមការ ថ្នាក់លេខ ៤ ពីអភិបាលរង ស្រុកកោះសូទិន ឲ្យទៅបម្រើការងារនៅសាលាខេត្តកំពង់ចាម។