ផ្ទះមនុស្សធម៌ទី ៦ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត ត្រូវបានប្រគល់ជូន ជនពិការទ័លលំបាក ១គ្រួសារ នៅ ឃុំសំពងជ័យ ស្រុកជើងព្រៃ


កំពង់ចាម ៖នៅព្រឹក ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងមាន ព្រះវត្តមាន ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្ត និងព្រះសហការី បាននិមន្ត និងអញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី៦ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត និងសាលាគណខេត្ត ជូនជនមានពិការភាពទ័លលំបាក ១គ្រួសារ ឈ្មោះ ឈុន ម៉េន អាយុ ៦៣ឆ្នាំ រស់នៅ ភូមិអំពិលទ្វារ ឃុំសំពងជ័យស្រុកជើងព្រៃ។

ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ លោកពូ ឈុន ម៉េន សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ។

ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ។