កិច្ចប្រជុំរបស់ក្រុមអចិន្ត្រៃយ៍នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ស្តីពីការពង្រឹងអង្គការចាត់តាំងយុវជនខេត្ត


កំពង់ចាម៖​ នៅថ្ងៃទី០៤​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ នេះ​ ក្រុមអចិន្ត្រៃយ៍នៃក្រុមការងារយុវជនគណបក្ស​ប្រជាជនកម្ពុជា ខេត្តកំពង់ចាម​ ក្រោមអធិបតីភាព​ លោក​ ស្រី​ សុភ័ក្ត្រ​ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា​ ថ្នាក់កណ្តាល​ និងជាប្រធានក្រុមការងារយុវជនគណបក្ស​ខេត្ត​ បានអញ្ជេីញដឹកនាំបេីកកិច្ចប្រជុំ​​ពិនិត្យពិភាក្សាសម្រេចការងារក្នុងក្រុមអចិន្ត្រៃយ៍​ ដេីម្បីពង្រឹងអង្គការ​ ចាត់តាំង​ យុវជន​ខេត្ត​ ។ សមាសភាពអញ្ជេីញចូលរួមប្រជុំរួមមាន៖​ អនុប្រធានក្រុមការងារយុវជនគណបក្ស​​ និងសមាជិក​ សមាជិកានៃក្រុមអចិន្ត្រៃយ៍យុវជនគណបក្សខេត្ត​ ។

មានប្រសាសន៍ក្នុងឱកាសបេីកអង្គប្រជុំនោះ​ លោ​ក ស្រី​ សុភ័ក្ត្រ​ ជាអធិបតី​ និងជាប្រធានអង្គប្រជុំ​ បានធ្វេីការគូសបញ្ជក់ច្បាស់ៗ​ និងម៉ឹងម៉ាត់​ ជូនអង្គប្រជុំទាំងមូលថា៖​ «ការងារ​ពង្រឹង​ អង្គការ​ចាត់តាំង​ ក្បាលម៉ាស៊ីន​ យុវជនគឺជារឿងចាំបាច់បំផុត​ ដេីម្បីសម្រេចបាននូវបេសកកម្មការងារយុវជនខេត្តជូនគណបក្ស។ ដរាបណាក្បាលម៉ាស៊ីនពុំរឹងមាំ​ កុំនិយាយអំពីរឿងធ្វេីសកម្មភាពអ្វីឡេីយ។ ពួកយេីងត្រូវការសមាសភាពជាយុវជនពិតៗ​ ដែលមានឆន្ទៈ​មុតមាំ ពុំមែនដាក់តែឈ្មោះចោល​ក្នុងក្រដាស ហេីយគ្មានឆន្ទៈចូលរួមការងារ​ និងធ្វេីសកម្មភាពនោះឡេីយ។»

សូមបញ្ជាក់ផងដែរថា​ នៅថ្ងៃនេះ​ ក្រុមអចិន្ត្រៃយ៍យុវជនគណបក្សខេត្តកំពង់ចាម​ បានធ្វេីការជជែកពិភាក្សា​ ផ្លាស់ប្តូរយោបល់​ យ៉ាងផុសផុល​ និងសម្រេចអនុម័ត​ កែសម្រួលសមាសភាពសមាជិកអចិន្ត្រៃយ៍មួយចំនួន​ ដែលត្រូវផ្លាស់ប្តូរចេញពីខេត្តកំពង់ចាមទៅកាន់​ រាជធានីភ្នំពេញ​ និងខេត្តផ្សេង​ ដែលតម្រូវអោយក្រុមអចិន្ត្រៃយ៍នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា​ ខេត្តកំពង់ចាម​ ត្រូវសម្រេចជ្រេីសរេីសសមាសភាពបន្ថែមថ្មីចូលជំនួសវិញ​ នឹងឈានទៅកសាងសមាសភាពថ្មីៗបន្ថែមទៀត​ចូលមកក្នុងក្រុមការងារយុវជនគណបក្សខេត្ត ដេីម្បីឆ្លេីយតបបានជាមួយនឹងទំហំ​ការងារ​ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន។

#KCYអរគុណសន្តិភាព💞🇰🇭

#KCYអរគុណសន្តិភាព💞🇰🇭