កំពង់ចាម ៖ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគរបស់រដ្ឋបាលខេត្តកំពង់ចាម ចែកជូនកម្មករកម្មការិនីរោងចក្រដែលកំពុងព្យាបាលនិងធ្វើចត្តាឡីស័កនៅតាមផ្ទះស្ថិតនៅស្រុកជើងព្រៃ និងស្រុកព្រៃឈរ។
នាឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត បានពាំនាំនូវប្រសាសន៍ផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមអភិបាលខេត្ត ជូនចំពោះបងប្អូនកម្មករកម្មការិនីទាំង ០៥គ្រួសារ ដូចជាប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ខ្ពស់អំពីសុខភាពខ្លួនឯង ក៏ដូចជាសុវត្ថិភាពក្រុមគ្រួសារជាពិសេសការអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងរយៈពេលនៃការព្យាបាល និងកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនេះ។ ក្រៅពីនោះ ក៏សូមចូលរួមបន្តអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាលនិងប្រមុខរាជរដ្ឋាភិបាលកម្ពុជានូវវិធានការសុខាភិបាល«៣ការពារ៣កុំ»ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរាល នៃជម្ងឺដ៏កាចសាហាវនោះ ទៅក្រុមគ្រួសារក៏ដូចជានៅក្នុងសហគមន៍ជាបន្តទៀតផងដែរ។
សូមបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោគរបស់រដ្ឋបាលខេត្តដែលក្រុមការងារនាំទៅចែកជូនកម្មករកម្មការិនីរោងចក្រដែលកំពុងព្យាបាលនិងធ្វើចត្តាឡីស័ក នាឱកាសនោះ នៅស្រុកជើងព្រៃមាន ០២គ្រួសារ និងនៅស្រុកព្រៃឈរ មានចំនួន ០៣គ្រួសារ សរុបចំនួន ០៥គ្រួសារ ដោយក្នុង១គ្រួសារៗមាន÷ អង្ករ២៥គីឡូ មី០១កេស ទឹកត្រី០១យួរ ត្រីខកំប៉ុង ០១យួរ៕