ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម អញ្ចើញចុះពិនិត្យការរៀបចំ បាញ់សម្លាប់មេរោគ និងសម្អាតបរិស្ថាន វិទ្យាល័យព្រះសីហនុ នៅក្រោយពីបានផ្ទេរអ្នកជំងឺកូវីដ ១៩ កម្រិតស្រាលចំនួនជាង ២០០ នាក់ ចេញពីវិទ្យាល័យព្រះសីហនុ


នៅព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អញ្ចើញចុះពិនិត្យការរៀបចំ បាញ់សម្លាប់មេរោគ និងសម្អាតបរិស្ថាន វិទ្យាល័យព្រះសីហនុ នៅក្រោយពីបានផ្ទេរអ្នកជំងឺកូវីដ ១៩ កម្រិតស្រាលចំនួនជាង ២០០ នាក់ ចេញពីវិទ្យាល័យព្រះសីហនុ ទៅកាន់ទីតាំងព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល ស្ថិតនៅឃ្លាំងពាណិជ្ជកម្ម ក្នុងឃុំក្រឡា ស្រុកកំពង់សៀម កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រគល់ជូនក្រសួងអប់រំយុវជន និងកីឡា រៀបចំឱសិស្សានុសិស្សចូលរៀនវិញ។

សូមរំលឹកថា រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចរៀបចំកែប្រែអតីតសណ្ឋាគារមេគង្គ ឱ្យក្លាយជាមន្ទីពេទ្យព្យាបាលជំងឺកូវីដ-១៩ ហើយវិទ្យាល័យព្រះសីហនុ ដែលមានទីតាំងស្ថិតនៅក្នុងក្រុងកំពង់ចាម ត្រូវបានរៀបចំជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល បន្ទាប់ពីជំងឺនេះបានផ្ទុះខ្លាំង នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕

រដ្ឋបាលខេត្តកំពង់ចាម នឹងអនុញ្ញាតឱ្យវិទ្យាល័យព្រះសីហនុ អាចបើកដំណើរការបង្រៀន និងរៀនឡើងវិញនៅដើមខែ វិច្ឆិកាក្រោយនេះ គឺទុករយៈពេលប្រមាណ ពីរ សប្តាហ៍ បន្ទាប់ពីយកអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលចេញ ដើម្បីរៀបចំសម្អាតតាមបន្ទប់ថ្នាក់រៀន និងបរិវេណសាលាដោយត្រូវ បាញ់សម្លាប់មេរោគ និងសម្អាតកាកសំណល បង្កើតបរិស្ថានល្អដូចដើមឡើងវិញ ។