លោក ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ប្រកាសគាំទ្រយ៉ាងពេញទំហឹង ការកំណត់មានសញ្ជាតិខ្មែរតែមួយគត់ សម្រាប់តំណែងកំពូលនៃស្ថាប័នជាតិរបស់កម្ពុជា


កំពង់ចាម៖ លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល  និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម កាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២១ នេះ បានដឹកនាំចលនាក្នុងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ចេញញត្តិគាំទ្រយ៉ាងពេញទំហឹង លើសេចក្តីព្រាងច្បាប់ស្នើវិសោធនកម្មរដ្ឋធម្មន្នុញ្ញកម្ពុជា ក្នុងការកំណត់សញ្ជាតិខ្មែរតែមួយគត់ សម្រាប់មុខតំណែងកំពូលៗនៃស្ថាប័នជាតិ របស់ប្រទេសកម្ពុជា។

នៅក្នុងញត្តិគាំទ្រ របស់លោក ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានប្រកាសថា៖ ” យើងខ្ញុំទាំងអស់គ្នាជាយុវជននៃគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម សូមប្រកាសជាឱឡារិក គាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថា “ដើម្បីបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែមានសញ្ជាតិខ្មែរតែមួយ” ។

លោក ស្រី សុភ័ក្ត្រ បានបន្ថែមទៀតថា៖ “យើងខ្ញុំ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈមុតមាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្តួចផ្តើមអោយមានការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មុខតំណែងកំពូលៗរបស់ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។  ការសម្រេចចិត្តដ៏អស្ចារ្យនេះ រួមផ្សំនឹងសកម្មភាព និងពលិកម្មរបស់សម្តេចកន្លងមក គឺបានបញ្ជាក់យ៉ាងច្បាស់អោយយើងខ្ញុំជាយុវជនរបស់គណបក្ស បានឃើញថា៖ សម្តេចតែងតែឈេនៅខាងប្រជាជនខ្មែរ ទទួលខុសត្រូវ និងការពារផលប្រយោជន៍ជាតិខ្មែរ នៅគ្រប់កាលៈទេសៈ ។