ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម


កំពង់ចាម៖នៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ប្រចាំខែសីហា និងទិសដៅសម្រាប់ខែបន្ទាប់ នៅទីស្នាក់ការគណបក្សខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍ និង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលសមាជិក សមាជិកា នៃគណបក្សខេត្តមួយចំនួនទៀត ។

ក្នុងឳកាសនោះ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់យ៉ាងធំធេងពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តកំពង់ចាម ជាមួយគណបក្ស លើកិច្ចការបម្រើឲ្យផលប្រយោជន៍ជាតិ និងប្រជាជន ក៏ដូចជាការចូលរួមយ៉ាងសកម្មបំផុតជាមួយគណបក្សក្នុងការពង្រឹងខឿនការពារជាតិ ឯករាជ្យ អធិបតេយ្យ ភាពបូរណភាព ដែលជាសសរស្តម្ភដ៏រឹងមាំ សម្រាប់ទ្រទ្រង់នូវសន្តិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ទប់ស្កាត់បានរាល់ការប៉ុនប៉ងនានារបស់ពួកអមិត្ត និងមជ្ឈដ្ឋានអគតិ ដែលតែងតែចិញ្ចឹមចិត្តបំបែកបំបាក់ផ្ទៃក្នុងកម្ពុជា និងបំផ្លិចបំផ្លាញសុខសន្តិភាព ក៏ដូចជាការចូលរួមក្មុង យុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ធានាបាននូវភាពសុខដុមរមនា និងជីវភាពរស់នៅល្អប្រសើររបស់ប្រជាជន ស្របតាមគោលនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕