កំពង់ចាម៖នាព្រឹកថ្ងៃសុក្រទី១៨ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅទូទាំងខេត្ត។
ឯកឧត្តម មានប្រសាសន៍ទៅកាន់មាតាបិតា អាណាព្យាបាល និងក្មួយៗនាឱកាសមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ថា « ក្តីសង្ឃឹមរបស់កុមារ និងយុវ័យទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងឱកាសបានចូលសាលារៀនវិញ» ហើយយើងពិតជាមានភ័ព្វសំណាងណាស់ដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកទុកដាក់គិតគូរចំពោះសុខភាពប្រជាពលរដ្ឋគ្រប់រូប ហើយជាពិសេសគឺអនាគតរបស់ក្មួយៗ ដែលខកខានការសិក្សារៀនសូត្រ ដោយសារតែប្រទេសជាតិជួបវិបត្តិជំងឺកូវីដ-១៩។ យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នាពេលនេះ សបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា មកលើចៅៗ កុមារ ដើម្បីជំរុញឱ្យមានការបើកសាលាបឋមសិក្សាឡើងវិញ នាពេលខាងមុខ ខណៈពេលដែលកុមារ អាយុ១២ឆ្នាំ រហូតដល់១៨ឆ្នាំ បាននឹងកំពុងតែបន្តចាក់វ៉ាក់សាំងដូសបន្ត ហើយឈានទៅដល់ការបើកសាលាអនុវិទ្យាល័យ និងវិទ្យាល័យឡើងវិញ។
ឯកឧត្តអភិបាលខេត្ត បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ មាតាបិតាអាណាព្យាបាល និងកុមារ ដែលបានទទួលការចាក់វ៉ាក់សាំង ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ «៣កុំ ៣ការពារ» ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ។
គួរបញ្ចាក់ថា៖ យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពីពី០៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ មានចំនួន ១០៦.៥០១នាក់ ក្នុងនោះរដ្ឋបាលខេត្ត បានរៀចំទីតាំងចាក់នៅតាមបណ្តាក្រុង-ស្រុក ចំនួន ២៨កន្លែង។ ខណៈដែលប្រជាពលរដ្ឋមានអាយុចាប់ពី១៨ ឆ្នាំឡើង បានចាក់វ៉ាក់សាំង ៥៧៩.៩៥២នាក់ ស្មើនឹង ៨២,៦៥%នៃផែនការ និងកុមារមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចាក់វ៉ាក់សាំង ១០៧.៦៩៦នាក់ ស្មើនឹង ៩៧,៥៦%នៃផែនការ។
ក្នុងថ្ងៃដដែលនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានទទួលអញ្ជើញពិនិត្យអាគារសម្រាប់រៀបចំម៉ាស៊ីនផលិតអុកស៊ីសែន នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម សម្រាប់បម្រើឱ្យការព្យាបាលជំងឺកូវីដ-១៩ ផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម