ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយអាចារ្យ-គណកម្មការ ចំនួន ០៣វត្ត ស្ថិតនៅក្នុងឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម


កំពង់់ចាម ៖នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយអាចារ្យ-គណកម្មការ ចំនួន ០៣វត្ត ស្ថិតនៅក្នុងឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។

នាឱកាសនោះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង ខេត្តកំពង់ចាម បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ លោកតាអាចារ្យ និងគណៈកម្មការវត្ត ស្ថិតក្នុងឃុំតាប្រុក ស្រុកចំការលើ រួមមាន ៖ ១-វត្តគិរីអម្រឹតមានជ័យ (ហៅវត្តស្រែប្រាំង) ២-វត្តមុនីសេដ្ឋារាម(ហៅវត្ត រំចេកក្រោម) និង៣-វត្តមុនីសេដ្ឋារាម (ហៅវត្តរំចេកលើ) ។

ឯកឧត្តម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននឹងកំពុងខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស លោកអាចារ្យ គណៈកម្មការវត្ត នាអំឡុងពេលដែលកំពុងជំងឺកូវីដ ១៩ កំពុងរាតត្បាត និងគម្រាមកំហែង ដល់ប្រជាពលរដ្ឋកម្ពុជានោះ ។ លើសពីនេះទៅទៀតនោះ ប្រមុខរាជរដ្ឋាភិបាល កំពុងដាក់វិធានការ ដើម្បី បង្ការទប់ស្កាត់ការរីករាល នៃជម្ងឺកូវីដ ១៩ នៅក្នុងមូលដ្ឋាន ក៏ដូចជា នៅក្នុងប្រទេសកម្ពុជា តាមរយៈ ការជម្រុញឲ្យប្រជាពលរដ្ឋកម្ពុជា ទៅទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ ឲ្យបានគ្រប់ៗគ្នា ។ ដូច្នេះ កិច្ចការនេះ ត្រូវមានការចូលរួមចំណែក ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានទាំងអស់ ត្រូវចូលរួមអនុវត្ត ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជា ការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុវត្តនូវវិធានសុខាភិបាល «៣កុំ និង ៣ការពារ» រួមជាមួយនឹង ការអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ គ្រប់ៗគ្នា ផងដែរ ។

នាឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត និងក្រុមការងារ បានរៀបចំអំណោយ ផ្ដល់ជូនអាចារ្យ-គណៈកម្មការទាំង ០៣កន្លែង ស្មើនឹង ២១នាក់ ក្នុងម្នាក់ៗទទួលបាន ឃីត ០១កញ្ចប់ (ទឹកដោះគោ តែ ស្ករស) និងក្រមា ១ ដែលជាអំណោយ របស់ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម