អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខក្រុមការងារចាក់វ៉ាក់សាំង និងប្រជាពលរដ្ឋបិទខ្ទប់តាមខ្នងផ្ទះ ដែលមានការពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ-១៩ នៅក្នុងស្រុកស្ទឹងត្រង់


កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារខេត្ត និងអាជ្ញាធរក្នុងមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅភូមិពាមក្នុង ឃុំពាមកោះស្នារ និងប្រជាពលរដ្ឋបិទខ្ទប់តាមខ្នងផ្ទះ ដែលមានការពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ-១៩ ស្ថិតនៅក្នុងភូមិ៣៥ និងភូមិ៥៦ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខ ក្រុមការងារចាក់វ៉ាក់សាំងខាងលើ ឯកឧត្តមអភិបាលខេត្ត ថ្លែងការកោតសរសើរដល់ក្រុមការងារចាក់វ៉ាក់សាំង និងអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ក្នុងយុទ្ធនាការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កំណាចកូវីដ-១៩ ។ ដោយការផ្សារភ្ជាប់នូវមនោសញ្ចេតនា ឯកឧត្តមអភិបាលក៏បានឧបត្ថម្ភថវិការផ្ទាល់ខ្លួន ជូនដល់ក្រុមគ្រូពេទ្យប្រចាំការ ចំនួន ១លាន ៦០មុឺនរៀល ជូនក្រុមប្រឹក្សាឃុំពាមកោះស្នារ ថវិកា ១លាន ២០មុឺនរៀល។

ដោយឡែកចំពោះខ្នងផ្ទះដែលបានបិទខ្ទប់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានចាត់ឲ្យអាជ្ញាធរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ក្នុងការជួយទំនុកបម្រុងចំពោះតម្រូវការផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋក្នុង រយៈពេលនៃការបិទខ្ទប់ ព្រោះពួកគាត់មិនបានេញទៅប្រកបការងារនៅក្រៅខាងក្រៅបានឡើយ។ ហើយជម្រុញឲ្យបន្តចូលរួមអនុវត្តទាំងអស់គ្នា ចូលរួមអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។