សាលាគណខេត្តកំពង់ចាម និងសប្បុរសជន បន្តផ្ដល់អំណោយជូនរដ្ឋបាល ខេត្តកំពង់ចាមដើម្បី ចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩


កំពង់ចាម៖នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយពីព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម ព្រមទាំងព្រះមន្ត្រីសង្ឃ និងសប្បុរសជន ដើម្បី ចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ។

អំណោយផ្ដល់ជូន រដ្ឋបាលខេត្តកំពង់ចាម នាឱកាសនោះ មាន ៖
-ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម ឧបត្ថម្ភថវិកាចំនួន ២.០០០.០០០រៀល និងទឹកបរិសុទ្ធចំនួន ៥០០យួរ ។
-ក្រុមហ៊ុន ជេធី អុីនធីណេសិនណល (ខេមបូឌា)ឯ.ក ឧបត្ថម្ភម៉ាសុីនបាញ់ផ្សែងសម្លាប់មេរោគចំនួន ១០គ្រឿង ,ម៉ាសុីនបាញ់ថ្នាំសម្លាប់មេរោគចំនួន១០គ្រឿង,អាកុលចំនួន ១០កាន និងទឹកថ្នាំសម្លាប់មេរោគ ។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរអរគុណ ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម ព្រមទាំងព្រះមន្ត្រីសង្ឃ និងលោក លោកស្រី ជាសប្បុរសជនទាំងអស់ ដែលបានរួមគ្នា ជួយឧបត្ថម្ភនូវអំណោយទាំងនេះ ដល់រដ្ឋបាលខេត្ត ដើម្បី គាំទ្រដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ និងគ្រួសារផ្សេងៗទៀត ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាល ខេត្តកំពង់ចាម ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ក្រៅពីនោះ អំណោយមនុស្សធម៌ទាំងអស់នេះ បានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលខេត្ត ក៏ដូចជា រាជរដ្ឋរដ្ឋាភិបាលកម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាត នៃជម្ងឺកូវីដ ១៩ ជាពិសេស បានឆ្លើយតបភ្លាមៗ ទៅនឹងស្ថានភាពបច្ចុប្បន្ន ខណៈដែល ជម្ងឺដ៏កាចសាហាវនេះ កំពុងគម្រាមកំហែង ដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍កម្ពុជា ក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងសកលលោក ជារៀងរាល់ថ្ងៃ ផងដែរ ៕