ខេត្តកំពង់ចាម៖ ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវ អនហេង លក្ខិណា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សាខេត្តកំពង់ចាម បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ស្ត្រីជួបការលំបាកចំនួន ៣គ្រួសាររស់នៅឃុំល្វេលើ ស្រុកចំការលើ ដែលអំណោយទាំងនោះរួមមាន៖
– អង្ករ ២០គីឡូក្រាម
– មី ១កេស
– ត្រីខ ១យួរ
– ទឹកត្រី ១យួរ
– ទឹកសុីអុីវ ១យួរ
– និងថវិកា១គ្រួសារ ១៥០,០០០រៀល។
ក្នុងឱកាសនោះលោកជំទាវក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ជូនដល់គ្រួសារជួបការលំបាក អាជ្ញាធរឃុំ និងក្រុមការងារទាំងអស់ ព្រមទាំងបានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ និងអញ្ជើញទៅទទួលវ៉ាក់សាំការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នាចាប់ពីអាយុ១២ឆ្នាំឡើងទៅ។ ទន្ទឹមនឹងនោះលោកជំទាវក៏បានផ្សព្វផ្សាយអំពីការចិញ្ចឹមកូនតាមបែបវិជ្ជមាន និងការយកចិត្តទុកដាក់ចំពោះការសិក្សារបស់កូនៗក្នុងអំឡុងពេលសាលាបិទទ្វារនេះ ព្រមទាំងបានផ្ដល់គំនិត និងទុនដល់ស្ត្រីជួបការលំបាកក្នុងជីវភាពឲ្យចេះច្នៃបង្កើតមុខរបរដើម្បីបង្កើនចំណូលផ្គត់ផ្គង់គ្រួសារ។
បន្ទាប់មកលោកជំទាវបានចុះគាំទ្រ លើកទឹកចិត្ត ពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់ គ.ក.ន.ក ឃុំល្វេលើ ដើម្បីឲ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋទាន់ពេលវេលា។ នៅព្រឹកថ្ងៃដដែលលោកជំទាវបានបន្តចូលរួមរំលែកទុក្ខគ្រួសារសពលោក សួង តេក អនុប្រធានភូមិក្រឡែងលិច ឃុំល្វេលើ និងបានចូលបច្ច័យបុណ្យ ១៥០,០០០រៀល រួមជាមួយបច្ច័យរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកចំការលើ និងលោកជំទាវ ក្រុមប្រឹក្សាឃុំ គ.ក.ស.ក ស្រុក ស.ស.យ.ក ស្រុក សរុប ១,២៥០,០០០រៀលផងដែរ។