ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃទី ១៤ កើត ខែកត្តិក ព.ស ២៥៦០ គឺជាខួបគ្រប់៤ឆ្នាំ នៃការសោយទីវង្គត របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ “ព្រះ នរោត្តម សីហនុ” ដ៏ជាទីគោរពសក្ការៈរបស់ប្រជាជាតិខ្មែរ ។
ថ្ងៃនេះ គ្រប់វត្តអារាមទូទាំងខេត្តកំពង់ចាម ដោយមានការចូលរួម ពីថ្នាក់ដឹកនាំគ្រប់ថ្នាក់ រួមជាមួយប្រជាលពលរដ្ឋ មន្ត្រីរាជការ កងកម្លាំ្គងប្រដាប់អាវុធគ្រប់ប្រភេទ បានប្រារព្វពិធីរំលឹក ខួប៤ឆ្នាំនៃការសោយទីវង្គត របស់ព្រះករុណាព្រះបរមរតនកោដ្ឋ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដោយមានពិធីបង្សុកូល ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ ជាកិច្ចឧទ្ទិសព្រះមហាកុសល ថ្វាយដល់ព្រះវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គបានទទួលនូវឥដ្ឋមនុញ្ញផលនេះ សោយសុខក្នុងសុគតិភព ជាភេយ្យោភាព ។
ដោយឡែកនូវថ្នាក់ខេត្ត ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ក៏បានដឹកនាំ មន្ត្រីរាជការ ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ប្រារព្វពិធីដូចខាងលើនេះ នៅវត្តបទុមរតនដីដុះ ក្រុងកំពង់ចាម ដោយមានពិធី បង្សុកូល ប្រគេនទេយ្យវត្ថុ និង ឧទ្ទិស បួងសួង ថ្វាយព្រះមហាកុសល ដល់ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ។