លោក សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ ចុះពិនិត្យស្ថានភាពនៃការចាក់វ៉ាក់សាំងនៅមូលដ្ឋាននានា ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម


កំពង់ចាម ៖ កាលពីថ្ងៃអាទិត្យ ១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នេះ លោក សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាល ស្រុកចំការលើ បានដឹកនាំ ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ រដ្ឋបាលសាលាស្រុក ចុះពិនិត្យស្ថានភាព នៃការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលជាអំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមបណ្តាមណ្ឌលចាក់វ៉ាក់សាំង នានា នៅក្នុង ស្រុកចំការលើ ។

សមាសភាពអមដំណើរ ដែលបានចូលរួមជាមួយរួមមាន៖ លោកនាយករងរដ្ឋបាលសាលាស្រុក មន្ត្រីសាលាស្រុក កងកម្លាំងទាំងបីប្រភេទ ការចូលរួមពីរដ្ឋបាលមូលដ្ឋានឃុំផងដែរ ដូចជា លោកមេឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមេភូមិពាក់ព័ន្ធ ផងដែរ។

ក្នុងឱកាសនោះ លោក សំ ពិសិដ្ឋ បានពាំនាំនូវការផ្តាំសួរសុខទុក្ខ របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជូនដល់ក្រុមគ្រូពេទ្យដែលប្រចាំការចាក់វ៉ាក់សាំង នៅតាមមណ្ឌលចាក់វ៉ាក់សាំង និមួយៗ និងបានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺឆ្លងកាចសាហាវ កូវីត-១៩ នេះ តាមរយៈការអនុវត្តវិធានការ ៣កុំ ៣ការពារ ជាប់ជានិច្ច និងសូមឲ្យបងប្អូនទាំងអស់ មានការអត់ធ្មត់ ស៊ូទ្រាំ ចំពោះកាលៈទេសៈដ៏លំបាកនេះ ។