ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចុះជួបសំណេះសំណាល​ជាមួយ មន្ត្រីរាជការនិងប្រជាពលរដ្ឋ​នៅក្នុងស្រុុកកងមាស ខេត្តកំពង់ចាម


ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា “បើគ្មានថ្ងៃ៧មករា ដែលជាថ្ងៃរំដោះ​ប្រជាពលរដ្ឋ​ឲ្យរួច​ផុត​ពីរបប​ប្រល័យ​ពូជសាសន៍ របបកាប់សំលាប់ដ៏សាហាវព្រៃផ្សៃនោះទេក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន ដែលកំពុងធ្វើ​សកម្មភាព​​ដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះ ក៍គ្មានឱកាសជាន់ទឹកដីកម្ពុជាដើម្បីធ្វើនយោបាយនោះដែរ “

នេះជាការលើកឡើង របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ​​អន្តរជាតិ
ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាជន និងមន្ត្រីរាជការប្រមាណជាង២.០០០នាក់នៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៦ ដែលពិធីនេះមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងធម្មការ ឯកឧត្តម  មិន ឃិន និង ឯកឧត្តម លន់ លឹមថៃអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីរាជការនៃក្រសួងការបរទេសផងដែរ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ លោក មឿន ផា អភិបាលស្រុកកងមាស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថា ថ្ងៃជ័យជម្នះ៧មករា ជាថ្ងៃប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត សង្គ្រោះ​ប្រជាជាតិ អោយរស់ឡើងវិញ ហើយបានស្ថិតឋេរ គង់វង្ស និងរីកចម្រើន ដល់បច្ចុប្បន្ន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​បញ្ជាក់​យ៉ាងនេះថា “បើគ្មានរដ្ឋប្រហារថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ទេ ក៏គ្មានរបបប្រល័យពូជសាសន៍ប៉ុលពតដែរ បើគ្មានរបបប្រល័យ​ពូជសាសន៍ ក៏គ្មានជ័យជម្នះ៧ មករា ហើយបើគ្មានថ្ងៃ ៧ មករា ១៩៧៩ នោះក៏គ្មានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះឡើយ”។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បញ្ជាក់ទៀតថា “៧ មករា ជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា។ ៧ មករា មានសត្រូវតែមួយប៉ុណ្ណោះ គឺរបបប្រល័យពូជសាសន៍ប៉ុលពត។ មានតែអ្នក ស្រឡាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងថ្ងៃ៧ មករា។

រយៈពេល៣៧ឆ្នាំកន្លងទៅ ផ្តើមចេញពីជ័យជម្នះ៧ មករា កម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរ សង្គមយ៉ាងធំធេង ពីវាលពិឃាត​នៃ​របបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមរ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដីទៅជាប្រជាជាតិមួយ ដែល​មានសុខសន្តិភាព សេរីភាព ឯកភាព ស្ថេរភាព អភិវឌ្ឍន៍លើគ្រប់វិស័យហើយជីវភាពរបស់ប្រជាជន ត្រូវបាន លើក​កម្ពស់​ឥត​ឈប់ឈរ”។

តាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អះអាងថា ទោះបីនៅមានក្រុមអ្នកនយោបាយ និងមជ្ឈដ្ឋានអគតិមួយចំនួន​ព្យាយាមមូលបង្កាច់ឥតឈប់ឈរនូវអត្ថន័យជាប្រវត្តិសាស្ត្រនៃថ្ងៃ ៧ មករា ក៏ពួកគេពុំអាចធ្វើអោយសភាពការណ៍​កម្ពុជា​ផ្លាស់​​ប្តូរបានឡើយ ព្រោះថា ៧ មករា គឺជារបស់ប្រជាជនហើយអ្វីៗដែលពួកគេបានធ្វើ គឺផ្ទុយពីឆន្ទៈ និងផលប្រយោជន៍​របស់ប្រជាជន។​ធាតុពិតនៃប្រវត្តិសាស្ត្របានបញ្ជាក់ហើយថា បើគ្មាន ថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ទេ ក្រុមអ្នកនយោបាយ​ប្រឆាំង​មួយចំនួន ដែលកំពុងធ្វើសកម្មភាពស្រែកក្តែងៗ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋនោះ ក៍គ្មានឱកាសជាន់ទឹកដីកម្ពុជាដើម្បីធ្វើនយោបាយដែរ។

ជាមួយនិងការលើកឡើងពីប្រវត្តិសាស្ត្រពិតនៃប្រទេសកម្ពុជានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានលើកឡើងផងដែរពីការវិវត្តន៍ដ៏ល្អនៃសភាពការណ៍នយោបាយ សន្តិសុខ និងស្ថេរភាព នៅទូទាំងប្រទេស។ ជាពិសេសសមិទ្ធិផលសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបាន។

1426506_798268876950050_635988534017906553_n 12376436_209441739399612_513507326786962484_n 12417700_209441492732970_2198383169618935893_n 12439082_209441599399626_1444344167814113346_n 12439249_209441412732978_899021543087914046_n 12439249_209441412732978_899021543087914046_n 12510258_1699323296970039_2299466347858045651_n 12510445_1698996750336027_8260190889215447066_n 12524091_209441806066272_1297257184017027980_n