ស្រុកជើងព្រៃ៖ ឆ្លើយតបតាមសំណើរបស់លោកមេឃុំស្រម៉រ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជូនគ្រួសារដែលមានជីវភាពខ្វះខាត ជួបការលំបាក និងមានជំងឺឈ្មោះ អាត់ សាក់ និងប្រព័ន្ធឈ្មោះ នួន ស៊ាន់ ព្រមទាំងមានកូនតូចៗ៦នាក់ក្នុងបន្ទុក ស្ថិតក្នុងភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ។ ចំពោះអំណោយដែលត្រូវផ្តល់ជូនមាន អង្ករ៥០គីឡូ, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, ត្រីខ១ឡូ, សៀងផ្អែម១ឡូ, មី១កេះ និងថវិកាចំនួន ១០០,០០០រៀល។
ដោយក្តីអាណិតលោកស្រី ឃី លាងស៊ីម អភិបាលរងស្រុក បានឧបត្ថម្ភថវិកាដល់កូនៗក្នុង១នាក់ ១ម៉ឺនរៀលផងដែរ។ បន្ទាប់មកលោកអភិបាលស្រុក និងក្រុមការងារ បានចូលសួរសុខទុក្ខលោក តូច សេក អាយុ៨២ ឆ្នាំ ដែលកំពុងមានជំងឺ និងជូនថវិកាចំនួន ១០០,០០០រៀល ជួយសម្រួលការចំណាយថ្នាំពេទ្យ។