កំពង់ចាម៖ នៅព្រឹកថ្ងៃ ព្រហស្បត្តិ៍ទី ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២១ នេះ ស្ថិតនៅស្រុកកងមាស ខេត្តកំពង់ចាម ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកយុទ្ធនាការ លើកទី៣ នៃការចាក់វ៉ាក់សាំងបង្ការ ការពារ ជំងឺកូវីត-១៩ ជូនប្រជាពលរដ្ឋ ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ នេះតទៅ នៅក្នុងក្របខណ្ឌ ស្រុកកងមាស ខេត្តកំពង់ចាម ។
ថ្លែងនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ហាន កុសល ក៏បានពាំនាំពាក្យសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជូនចំពោះបងប្អូនប្រជាពលរដ្ឋ នៅស្រុកកងមាស ផងដែរ ។ នៅក្នុងកាលៈទេសៈ ប្រកបដោយ ហានិភ័យនៃការឆ្លងរីករាលដាល ជំងឺកូវីត ១៩ នេះ ឯកឧត្តម ក៏បានជំរុញ បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា មេត្តា បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួនឯង ក៏ដូចជាក្រុមគ្រួសារ អោយរួចផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ តាមរយៈការអនុវត្ត វិធានការក្រសួងសុខាភិបាល និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ វិធានការ ៣កុំ ៣ការពារ និង សូមចូលរួមចាក់វ៉ាក់សាំង អោយបានគ្រប់ៗគ្នា៕