កំពង់ចាម៖ នៅព្រឹកថ្ងៃ ព្រហស្បត្តិ៍ទី ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២១ នេះ ស្ថិតនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឯកឧត្តម កៅ សុខអាន អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកយុទ្ធនាការ លើកទី៣ នៃការចាក់វ៉ាក់សាំងបង្ការ ការពារ ជំងឺកូវីត-១៩ ជូនប្រជាពលរដ្ឋ ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ នេះទៅ នៅក្នុងក្របខណ្ឌស្រុកស្ទឹងត្រង់នេះ។
ក្នុងឱកាសនោះផងដែរ ក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ លោក អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលសាលាស្រុក ស្ទឹងត្រង់ ផងដែរ ។
ស្ថិតនៅក្នុងបរិយាកាស ដ៏សែនរីករាយនេះផងដែរ ឯកឧត្តម កៅ សុខអាន ក៏បានផ្តាំផ្ញើពាក្យសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នីងបានជំរុញលើកទឹកចិត្ត ចេះប្រុងប្រយ័ត្នការពារខ្លួនជាប្រចាំ តាមវិធានការសុខាភិបាល និងប្រសាសន៍ណែនាំដ៏ថ្លៃថ្លា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន គឺ ៣កុំ និង ៣ការពារ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ៕