ឯកឧត្តម អ៊ុន​ ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីបើកយុទ្ធនាការ លើកទី៣ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ ជូនប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំឡើងទៅ នៅស្រុកចំការលើ ខេត្តកំពង់ចាម


 

កំពង់ចាម៖  នៅព្រឹកថ្ងៃ ព្រហស្បត្តិ៍ទី ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២១ នេះ ស្ថិតនៅក្នុងទីតាំង មន្ទីរពេទ្យបង្អែកស្រុកចំការលើ នាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​នៃគណៈអភិបាលខេត្តកំពង់ចាម  និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកយុទ្ធនាការ លើកទី៣ នៃការចាក់វ៉ាក់សាំងបង្ការ ការពារ ជំងឺកូវីត-១៩ ជូនប្រជាពលរដ្ឋ ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ ​ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ នេះទៅ ។

ស្ថិតនៅក្នុងបរិយាកាសប្រកបដោយ សេចក្តីសោមនស្សរីករាយនេះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានពាំនាំពាក្យ សួរសុខទុក្ខ នឹងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  ដែលតែងតែខិតខំ ប្រឹងប្រែង អស់លទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីទ-១៩ ពង្រឹងការការពារ សុខភាពសាធារណៈ នៅកម្ពុជា ។  ឯកឧត្តមក៏បានផ្តាំផ្ញើ សូមអោយបងប្អូន ប្រជាពលរដ្ឋទាំងអស់គ្នា បង្កើនការប្រុងប្រយ័ត្ន ថែរក្សាសុខភាពរៀងៗខ្លួន និងអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ និងចូលរួមចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ។

 

 

ដោយឡែក យុទ្ធនា​ការលើក​ទី​៣ នៃការចាក់​វ៉ាក់សាំង​បង្ការការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ចាប់ពីអាយុ១៨ឆ្នាំឡេីងទៅនេះ ក៏បានប្រារព្ធពិធីបើកផងដែរ នៅក្នុងបណ្តាស្រុក ចំនួន ៤ ផ្សេងទៀតផងដែរ រួមមាន៖​ ស្រុកកោះសូទិន​ ស្រុកស្រីសន្ធរ​ ស្រុកស្ទឹងត្រង់​ និងស្រុកកងមាស​ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម និងលោកជំទាវ អភិបាលរងនៃគណៈ អភិបាលខេត្តកំពង់ចាម ផងដែរ ៕