ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត កំពង់ចាម បានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋខ្វះខាត និងរងគ្រោះដោយសារការឆ្លងជំងឺកូវីដ១៩ ចំនួន ៩១៩គ្រួសារ ក្នុងស្រុកកងមាស


កំពង់ចាម ៖ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចុះសំណេះសំណាល និងចែកអំណោយរបស់ សមាគមសាសនាចក្រព្រះយាស៊ូគ្រឹះនៃពួកបរិស័ទថ្ងៃចុងក្រោយ តាមរយៈ រដ្ឋបាលខេត្តកំពង់ចាម ទៅចែកអំណោយជូនដល់ប្រជាពលរដ្ឋខ្វះខាត និងរងគ្រោះដោយសារការឆ្លងជំងឺកូវីដ១៩ ចំ៩១៩គ្រួសារ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ។

នៅព្រឹក ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត កំពង់ចាម បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ដោយធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកកងមាស ឲ្យបង្កើនការថែទាំ អនាម័យសុខភាព ការពារសុវត្ថិភាពផ្ទាល់ ក៏ដូចជា ជាមួយក្រុមគ្រួសារ និងសហការជាមួយអាជ្ញាធរ ក្នុងការចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ។

ជាងនេះទៅទៀតនោះ ឯកឧត្ដម អភិបាលរងខេត្ត ក៏បានអំពាវនាវ ដល់ពលរដ្ឋទាំងអស់ សូមបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល «៣ការពារ និង ៣កុំ» ជាពិសេស ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ ការលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលឲ្យបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេល នៃការឆ្លងរាលដាល នៃវីរុសកូវីដ ១៩ បម្លែងថ្មី កុំឲ្យឆ្លងរីករាលដាលចូលក្នុងសហគមន៍យើង ។

នាឱឝាសនោះ ឯកឧត្ដម អភិបាលរងខេត្ត និងក្រុមការងារ បាននាំអំណោយរបស់រដ្ឋបាល ខេត្តកំពង់ចាម ចែកជូនប្រជាពលរដ្ឋទាំង ៩១៩គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ១យួរ ៕