ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម


នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ឯកឧត្តមបានមានប្រសាសន៍ណែនាំដល់មន្ត្រីទាំងអស់នៅក្នុងខេត្ត ត្រូវរួមគ្នាធ្វើការដោយភាពស្មោះត្រង់ ការលះបង់ និងការអនុវត្តកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបានជោគជ័យ ដើម្បីបុព្វហេតុជាតិ និងប្រជាជន។

ឯកឧត្តម អភិបាលខេត្ត បានថ្លែងបន្តថា រដ្ឋបាលខេត្តកំពង់ចាម ជាស្ថាប័នមួយមានតួនាទី គាំទ្រនិងជំរុញ ឲ្យកម្មវិធីរបស់រដ្ឋាភិបាល អនុវត្តទៅប្រកបដោយជោគជ័យ និងទទួលបានការសាទរពីប្រជាពលរដ្ឋ ។ ដូច្នេះ សូមមន្ត្រីយើងគ្រប់រូបត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ប្រកបដោយភាពស្មោះត្រង់ ក្នុងការបំពេញនូវកាតព្វកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត មានរបៀបវារៈដូចខាងក្រោម ៖

*ទី១ ៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

*ទី២ ៖ ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែមេសា និងទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។

*ទី៣ ៖ បញ្ហាផ្សេងៗ ៕