កំពង់ចាម៖នាព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានអញ្ជើញចូលរួមពិធីបិទ សិក្ខាថ្នាក់ខេត្ត ស្ដីពីការកសាងផែនការសកម្មភាពក្នុងការគាំទ្រ ជនមានអូទីស្សឹមនៅកម្ពុជា ។ សិក្ខាសាលាសហការរៀបចំដោយក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម កម្មវិធី ACCESSES និង CCAMH (មានរយះពេលមួយថ្ងៃកន្លះ) នៅសណ្ឋាគារ LBN ក្រុងកំពង់ចាម ចូលរួមដោយលោក លោកស្រី អនុប្រធានមន្ទីរអង្គភាព សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម,លោកតំណាងអង្គការដៃគូស្ថាប័នពាក់ព័ន្ធវិស័យពិការភាព និងអាណាព្យាបាលជនមានអូទីហ្សឹម សរុបចំនួន ៧៥នាក់។
សិក្ខាសាលាធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីស្ថានភាពបច្ចុប្បន្នទាក់ទងនឹងការយល់ដឹងអំពីអូទីហ្សឹមនៅកម្ពុជា និងការបង្កើតផែនការសកម្មភាពនាពេលអនាគតដោយផ្ដោតលើ ៣ដំណាក់កាល នៃជីវិត។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ បានសំណូមពរ ឲ្យក្រុមការងារទាំងថ្នាក់ជាតិនិងអង្គការដៃគូពាក់ព័ន្ធ ចូលរួមជួយផ្សព្វផ្សាយធ្វើយ៉ាងណាជួយផ្ដល់ វគ្គបណ្ដុះបណ្ដាល ផ្ដល់សេវា ដល់ជនមានអូទីហ្សឹម ឲ្យបានក្នុងពេលឆាប់ៗ ជាពិសេសដល់សាលាអប់រំពិសេសខេត្តកំពង់ចាម ៕